ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ ឆ្នាំ ២០២៥ នឹងទាក់ទាញអ្នកចូលរួមជិត ៥០០០នាក់
ភ្នំពេញ៖ ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ក្រុមហ៊ុន អង្គភាពនានា និងអ្នកស្រឡាញ់កីឡារត់។ មូលហេតុនៃការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះមានគោលបំណងចម្បងចំនួនបី ដែលបង្ហាញពីការរួមបញ្ចូលគ្នារវាងព្រះរាជពិធីអបអរសាទរ ប្រពៃណីសង្គម និងអភិវឌ្ឍន៍កាយសម្បទា។
បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានអោយដឹងថា
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជាថ្មីនៅរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គឺជាការបង្ហាញពីការគោរព និងស្មោះត្រង់របស់ប្រជាពលរដ្ឋខ្មែរដល់ព្រះអង្គ។

ឯកឧត្តម បញ្ជាក់ថា គ្រប់ប្រាក់ចំណូលដែលទទួលបានពីការចុះឈ្មោះ និងការឧបត្ថម្ភ ពុំមែនសម្រាប់រកចំណេញទេ តែត្រូវបានប្រើសម្រាប់ការរៀបចំព្រឹត្តិការណ៍ និងឧបត្ថម្ភទៅមន្ទីរពេទ្យកុមារ គន្ធបុប្ផា។ វារំលេចពីការរួមចំណែករបស់សង្គមក្នុងការជួយជ្រោមជ្រែងជីវិតកុមារ និងកសាងសង្គមមនុស្សធម៌។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះស្ថិតក្រោមការរៀបចំយ៉ាងម៉ត់ចត់ ដោយសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំនួនអ្នកចូលរួមគឺជិត ៥០០០នាក់ហើយ តែមានការរំពឹងថានឹងកើនច្រើនជាងនេះទៀត នៅថ្ងៃប្រកួតដល់ជិតមក។

លោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ាតុង នៅកម្ពុជា បានអោយដឹងដែលថា
លើសពីគោលបំណងខាងលើ ព្រឹត្តិការណ៍នេះផ្ដោតលើការលើកកម្ពស់ជីវិតមានសុខភាពល្អ។ មនុស្សគ្រប់រូបគ្រប់វ័យ ទាំងជនជាតិ និងជនបរទេស អាចចូលរួមជាសកម្មក្នុងការរត់តាមចម្ងាយដែលសមរម្យនឹងសមត្ថភាពខ្លួន ដូចជា៖
• ចម្ងាយ ២១ គីឡូម៉ែត្រ
• ចម្ងាយ ១០ គីឡូម៉ែត្រ
• ចម្ងាយ ៥ គីឡូម៉ែត្រ
• ចម្ងាយ ២ គីឡូម៉ែត្រ
បន្ទាប់ពីធ្វើឡើងជារឿយៗនៅមុខព្រះបរមរាជវាំង ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅឧទ្យានមុខវត្តបទុម។ ផ្លូវរត់ក៏ត្រូវបានកែសម្រួលបន្តិចបន្តួច ដើម្បីសម្របសម្រួលតាមប្រភេទវិញ្ញាសា និងការអភិវឌ្ឍន៍ទីក្រុង។ លោកថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ មិនមែនជាការប្រកួតដើម្បីឈ្នះ ចាញ់ទេ ប៉ុន្តែជាសកម្មភាពរួមបញ្ចូលគ្នា ដើម្បីបង្កើតសង្គមមានសុខភាព ស្មារតីអភិវឌ្ឍន៍ និងជាចំណែកក្នុងការងារមនុស្សធម៌ ។