អគ្គលេខាធិការការ៉ាតេកម្ពុជា លើកឡើងថា គ្រូបង្វឹកគឺជាបង្គោលដ៏សំខាន់ក្នុងការចែកចាយបទបញ្ជាការប្រកួតដ៏ជាក់លាក់

Detail Top Banner

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា គ្រូបង្វឹកគឺជាមនុស្សបង្គោលមួយដ៏សំខាន់ក្នុងការចែកចាយបទបញ្ជាការប្រកួតដ៏ជាក់លាក់ មានន័យថា គ្រូបង្វឹកត្រូវចេះជាងកីឡាករកីឡាការិនី ពូកែជាងអាជ្ញាលកណ្តាលនិងចៅក្រម ព្រោះថា គ្រូបង្វឹក គឺជាអ្នកការពារផង និងជាអ្នកផ្ទេចំណេះដឹងការដាក់ពិន្ទុទៅឲ្យកូនសិស្សរបស់ខ្លួន។


ការថ្លែងលើកឡើងរបស់អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីអំពីអាជ្ញាកណ្តាលចៅក្រមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា សិក្ខាសាលនេះគឺសង្កត់ធ្ងន់បំផុតចំពោះគ្រូបង្វឹក បើគ្រូបង្វឹកយើងឆក់ល្វែងមិនយកចិត្តទុកដាក់នៅក្នុងការក្រេបជញ្ជក់លើការបណ្តុះបណ្តាវិជ្ជាជីវៈនេះ គឺអាចនឹងកើតមានបញ្ហាចំការងារនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្តម បានពន្យល់ទៀតថា ចាប់ពីពេលនេះទៅពេលវេលាកាន់តែសំខាន់ទៅៗនិងអទិភាពទៅៗ ដូច្នោះត្រូវឆ្លៀតចាប់យកការបណ្តុះបណ្តាលរៀនសូត្រឲ្យពិតប្រកដទទួលយកនូវចំណេះដឹងថ្មីៗ ហើយអ្វីដែលពាក់ព័ន្ធនិងជំនាញ យើងត្រូវប្រកដប្រជាយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព។ ដោយហេតុថា បទបញ្ជាការប្រកួតកីឡាការ៉ាតេត្រូវបានគោរពនៅលើពិភពលោក ពុម្ពតែមួយ ស្តង់ដាតែមួយ និងគំរូតែមួយ ហើយ ភាពម៉ត់ចត់របស់ច្បាប់ទំលាប់ការ៉ាតេនេះហើយ បានធ្វើឲ្យការ៉ាតេមានកិត្តិយសក្នុងដំណើរការអភិវឌ្ឍនៅលើពិភពលោក។
ឯកឧត្តម បន្តទៀតថា នៅពេលដែលយើងទទួលបានចំណេះដឹងពិតប្រកដពីការបណ្តុះបណ្តាលជំនាញនេះ យើងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗយើងនឹងមានមោទកៈភាព និងមានជំនឿជាក់លើខ្លួនឯង។


ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្តុះបណ្តានេះ គឺបានរៀបចំឡើងគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ ដូច្នោះ អាជ្ញាកណ្តាលចៅក្រម គ្រូបង្វឹក កីឡាករកីឡាការិនី ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ឲ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់អនុវត្តនៅស៊ីហ្គេមប្រកដដោយគុណភាព និងត្រឹមត្រូវយុត្តិធម៍ទៅតាមស្តង់ដានៃច្បាប់របស់សហព័ន្ធការ៉ាតេពិភពលោក។
ឯកឧត្តម សង្ឈឹមជឿជាក់ថា សិក្ខាសាលបណ្តុះបណ្តាលនេះ នឹងផ្តល់ការលើកទឹកឲ្យយើងទាំងអស់គ្នាធ្វើការរួមគ្នាឆ្ពោះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានជោគជ័យ។
សូមបញ្ជាកថា សិក្ខាសាលាស្តីអំពីអាជ្ញាកណ្តាលចៅក្រមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ បង្ហាត់ ដោយគ្រូឧទ្ទេសអន្តរជាតិ២រូបលោក គឺ គ្រូឧទ្ទេសជនជាតិម៉ាឡេស៊ី Chen Chee Hong អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ និង គ្រូឧទ្ទេសជនជាតិគុយវ៉ែត លោក Mansour គ្រូឧទ្ទេសប្រចាំវគ្គ ដែលនឹងក្លាយជាប្រធានអាជ្ញាកណ្តាលស៊ីហ្គេម ២០២៣៕

You might also like