CAMSOC ប្រគល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ក្នុងការស្វែងរកចំណូល ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលើគណៈកម្មការទីផ្សារ របស់ CAMSOC និងការបង្ហាញរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ ដើម្បីឲ្យស្របតាមគោលការណ៍សន្សំសំចៃប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំនេះថា គណៈអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីពិនិត្យមើលលើការកៀរគរស្វែងរកចំណូល រួមទាំងការជំរុញការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពីដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទៅក្នុងស្រទាប់មហាជន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ អ្វីជាបំណងប្រាថ្នាធំ គឺ CAMSOC ចង់ឲ្យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា មានភាពផុសផុលខ្លាំងក្លា នៅគ្រប់ទីកន្លែងទាំងអស់ ដោយដំណើរការនេះទទួលបានជោគជ័យ លុះត្រាតែមានការគាំទ្រពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់។
ដើម្បីលើកកម្ពស់បន្ថែមលើគោលការណ៍សន្សំសំចៃខ្ពស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។«ទាំងអស់នេះហើយ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC បានឯកភាពជាគោលការណ៍ក្នុងការផ្តល់សិទ្ធិ ដល់ក្រុមហ៊ុនឯកជន។ នៅក្នុងបទបង្ហាញរបស់ក្រុមហ៊ុន Pathmazing INC គឺពិតជាមានភាពច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយមានលក្ខណៈទាក់ទាញ សោភ័ណភាព ជាពិសេសគឺភាពស្មោះត្រង់របស់ក្រុមហ៊ុន នៃដំណើរការការងាររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងលើគោលការណ៍សន្សំសំចៃ តម្លាភាព សុចរិតភាព គណនេយ្យភាព។ ជារួម ទាំងគណៈកម្មការជំនាញរបស់ CAMSOC និងក្រុមហ៊ុនជាដៃគូ នៅតែធ្វើកិច្ចការរួមគ្នា ហើយគណៈកម្មការជំនាញរបស់ CAMSOC នៅតែជាម្ចាស់ក្នុងការគ្រប់គ្រងដឹកនាំ តម្រង់ទិសលើការងារបច្ចេកទេស ដល់ក្រុមហ៊ុនជាដៃគូ»។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែម។
សូមជម្រាប់ផងដែលថា គណៈកម្មការទីផ្សារ ត្រូវបានដឹកនាំដោយឯកឧត្តម ថោង រដ្ឋសក្តិ ជាប្រធានគណៈកម្មការ គឺជាផ្នែកពិសេសក្នុងការស្វែងរកចំណូល ដោយផ្នែកគណៈកម្មការទីផ្សារ បានផ្តល់សិទ្ធិជូនទៅក្រុមហ៊ុន Pathmazing INC ដែលជាអ្នករ៉ាប់រងក្នុងការរកចំណូល ហើយត្រូវបានកំណត់ក្នុងច្រកចេញចូលតែមួយ ដើម្បីជំរុញឲ្យមានតម្លាភាព សម្រាប់លើកកម្ពស់បន្ថែមលើគោលការណ៍សន្សំសំចៃខ្ពស់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គឺ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈត្រឹមត្រូវច្បាស់លាស់។