ឯកឧត្តមបណ្ឌិត ថោង ខុន ជំរុញការរៀបចំការងារពិធីការ ត្រៀមពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

Detail Top Banner

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ ចំពោះការងារពិធីការ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។


ការជម្រុញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការទីលានប្រកួត និងគណៈកម្មការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។


ដែលកិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារចំនួន២ គឺ ទី១-ការរៀបចំវេទិកាគណៈអធិបតីឲ្យបានត្រឹមត្រូវ ទាំងច្រកចេញ-ចូល និងកន្លែងអង្គុយទស្សនា ដ្បិតនឹងមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ ចូលរួមពិធីបើក-បិទ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ទី២-ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូតពិនិត្យ ប្រព័ន្ធសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ និងសំណង់ ពិសេសការកសាងភូមិកីឡា។ពាក់ព័ន្ធនឹងភូមិកីឡានេះដែរ កិច្ចប្រជុំបានសម្រេចយកផែនការ B ជាគោល ប្រសិនបើផែនការ A មិនអាចសម្រេចតាមផែនការ។ ផែនការ B គឺការកំណត់គ្រែ សម្រាប់ស្វាគមន៍ការស្នាក់នៅរបស់ប្រតិភូ និងអត្តពលិកចំនួន ៣,៧០០នាក់ ខណៈផែនការ A ជ្រើសរើសយកជាង ៤ពាន់នាក់។ ចំពោះការសាងសង់ កំពុងមានភាពវិជ្ជមានច្រើន តែកិច្ចប្រជុំបានជ្រើសរើសយកផែនការ B ដែលមានភាពជាក់លាក់ អាចគ្រប់គ្រាន់ សម្រាប់ដំណើរការនៃការឆ្លាស់គ្នាចុះឡើង ក្នុងរង្វង់ប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៩ពាន់នាក់។


ចំពោះការរៀបចំច្រកចេញ-ចូល អំឡុងពិធីបើក-បិទវិញ ត្រូវបានជំរុញឲ្យមានការរៀបចំច្រក VIP សម្រាប់គណៈអធិបតី ច្រកចេញ-ចូលសម្រាប់កីឡាករ-កីឡាការិនី និងច្រកចេញ-ចូលសម្រាប់មហាជន ពោលគឺត្រូវបែងចែកឲ្យមានសុវត្ថិភាពទាំងអស់។ ម្យ៉ាងទៀត ការបែងចែកនេះ គឺដើម្បីធ្វើឲ្យមានគោលការណ៍ច្បាស់លាស់ និងងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយទស្សនា ក្នុងព្រឹត្តិការណ៍ដែលនឹងមានថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនចូលរួម។

You might also like