ឯកឧត្តម វ៉ាត់ ចំរើន សង្ឃឹមថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរនាចុងឆ្នាំនេះ នឹងអាចបង្កើនកំណើនភ្ញៀវទេសចរអន្តរជាតិ
ភ្នំពេញ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៧ នៅអង្គរវត្តដែលគ្រោងនឹងប្រព្រឹត្តិការណ៍ទៅនាអំឡុងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នៅមុខប្រាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាញជំនឿជឿជាកថា នឹងរួមចំណែកជួយស្រូបកំណើនភ្ញៀវអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលអោយងើបឡើងវិញ ក្រោយពីវិបត្តិជំងឺកូវិដ១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៧ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបើកចំហរប្រទេសឡើងវិញហើយ ដែលទាំងអស់នេះវាបានផ្តល់ភាពងាយស្រួលនៃការទទួលកីឡាករកីឡាការិនីបរទេសមកចូលរួម ហើយវាក៏ជាឱកាសជំរុញឡើងវិញ នៅការចូលរួមរត់ម៉ារ៉ាតុងអង្គរដែលតែងតែទទួលជោគជ័យជារៀងរាល់ឆ្នាំសម្រាប់មហាព្រឹត្តិការណ៍ដ៍ធំជាងគេប្រចាំឆ្នាំ។
ឯកឧត្តម អគ្គលេខាធិការ NOCC បានបញ្ជាក់ទៀតថា យើងដឹងហើយថា មុនកូវីដព្រឹត្តិការណ៍ម៉ារ៉ាតុងក្នុងមួយឆ្នាំៗយើងទទួលបានចំនួនភ្ញៀវជាតិ និងអន្តរជាតិចូលរួមរត់ជាងមួយម៉ឺននាក់ ក្នុងពេលដែលយើងទទួលបានជោគជ័យការកើនឡើងនៃចំនួនអ្នកចូលរួមរត់ជួយឲ្យមហាព្រឹត្តិការណ៍នេះកាន់តែប្រជាប្រិយភាពទាក់ទាញកាន់តែខ្លាំង ដែលនេះជាចរន្តមួយដែលអាចចាក់ចូលជួយក្នុងចរន្តសេដ្ឋកិច្ចជាតិ និងជួយដល់ប្រតិបត្តិការណ៍ទេសចរណ៍រកស៊ីទទួលទានសេវាកម្មទេសចរណ៍នៅសៀមរាបទាំងអស់ផងដែរ។
ឯកឧត្តម អះអាងទៀតថា ព្រឹត្តិការណ៍ម៉ារ៉ាតុងដែលយើងរៀបចំនេះត្រូវបានក្រសួងទេសចរណ៍ និងគណៈកម្មាធិការណ៍ជាតិអូឡាំពិក ជាពិសេស ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា គឺបានជំរុញការលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាខិតខំធ្វើយ៉ាងណាឲ្យទិវានេះមានគុណភាព មានសុវត្ថិភាព បង្កើនបាននូវកម្រិតស្តង់ដារអន្តរជាតិ។ដូច្នោះហើយ សម្រាប់មហាព្រឹត្តិការណ៍មួយនេះ យើងត្រូវបង្កើនគុណភាពនៃការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កើនសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ឧ្យបានល្អ ហើយត្រូវបង្កភាពសប្បាយរីករាយពិតប្រាកដដល់អ្នកចូលរួមរត់ប្រណាំង។
ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមទៀតថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ គឺរៀបចំឡើង ដើម្បីស្វែងរកថវិកាពីការរៀបចំជួយដល់កម្មវិធីមនុស្សធម៍ដោយផ្តល់ទៅតាមមន្ទីរពេទ្យ អង្គការ អង្គការកុមារកំព្រា កាកបាទក្រហាម ហើយទៀតសោធន៍កម្មវីធីនេះ គឺជាមហាព្រឹត្តិការណ៍ដែលជំរុញផ្សព្វផ្សាយពីការត្រៀមរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ទៅកាន់ក្រៅប្រទេសផងដែរ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអ្នកមានបំណងចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ សូមរោះរាន់មកចុះឈ្មោះឲ្យបានច្រើន ព្រោះការចុះឈ្មោះលឿនអាចមានតម្លៃថោកជាង អ្នកដែលមកចុះពេលជិតបិតបញ្ជីអាចនឹងថ្លៃ និងមិនទទួលបានការបំរើរសេវាបានល្អទេ។
លោក សែម ផល្លា នាយប្រតិបត្តិរៀបចំម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ក្នុងនាមលោក ជានាយកប្រតិបត្តិរៀបចំព្រឹត្តិការរត់ម៉ារ៉ាតុងនៅកម្ពុជា លោកពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការមហាព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើងវិញ ។ទន្ទឹមជាមួយនេះ លោក បានសូមពរឲ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកទាំងអស់ចូលរួមបំផុការផ្សព្វផ្សាយ ដើម្បីឲ្យមហាព្រឹត្តិការណ៍ដ៏ធំមួយនេះទទួលបានអ្នកចូលរួមកាន់តែច្រើនជាងមួយម៉ឺន ពីរម៉ឺន ដល់បួនឬ៥ម៉ឺននាក់។ លោក បញ្ជាក់ទៀតថា ប្រសិនបើទិវានេះមានអ្នកចូលរួមរត់ច្រើននោះ វាធ្វើឲ្យកម្ពុជាយើងមានភាពល្បីល្បាញនៅលើពិភពលោក។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃប្រកាសការបរិច្ចេទនេះ អ្នកចុះឈ្មោះចូលរួមរត់២១គីឡូបាន១១៤៣នាក់ ១០គីឡូម៉ែត្របាន១៥០០នាក់ ៥គីឡូម៉ែត្របាន៣០៨នាក់ និង៣គីឡូ១៨៣នាក់ សរុប២០៦៣៩នាក់។ កីឡាករកីឡាការិនីកម្ពុជាមាន១៥៤៧នាក់ បរទេសបាន១០៩២នាក់ ក្នុងនោះជនបរទេសមកពីក្រៅប្រទេស៧០០នាក់ ជនជាតិអង់គ្លេសច្រើនជាងគេ អាមេរិកលំដាប់លេខ២ និងជនជាតិអូស្រាលីចំណាត់លេខ៣៕