កម្ពុជា-អ៊ីរ៉ង់ គ្រោងចុះ MOU លើវិស័យទេសចរណ៍ និងកីឡា នាពេលខាងមុខឆាប់ៗនេះ

Detail Top Banner

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)បានអោយដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងអាចធ្វើឡើងរវាងកម្ពុជា និងប្រទេសអ៊ីរ៉ង់ លើវិស័យទេសចរណ៍ និងកីឡា នាពេលខាងមុខឆាប់ៗនេះ ស្របពេលដែលកម្ពុជាកំពុងតម្រង់ទិសយ៉ាងមោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។


ឯកឧត្តម វ៉ាត់ ចំរើន បានអោយដឹងនៅក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។


ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្នុងឱកាសចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី៤១ ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានស្នើសុំជួបប្រធាន NOCC ឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីពិភាក្សាការងារមួយចំនួន លើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យកីឡា ក៏ដូចជាផ្លាស់ប្តូរយោបល់ រិតចំណងសាមគ្គីភាព មិត្តភាពនៃគណៈកម្មាធិការជាតិនៃប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់។ ការផ្លាស់ប្តូរយោបល់នេះ ផ្តោតសំខាន់លើវិស័យទេសចរណ៍ផង និងកីឡាផង។ កិច្ចពិភាក្សាគ្នានេះ នឹងឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខឆាប់ៗនេះ»។ នៅក្នុ្ងងកិច្ចពិភាក្សានោះ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានអញ្ជើញឯកឧត្តមបណ្ឌិត ថោង ខុន ទៅធ្វើទស្សនកិច្ច នៅប្រទេសអ៊ីរ៉ង់ នាពេលខាងមុខ ដើម្បីស្វែងរកពេលវេលាសមស្របណាមួយចុះ MOU នៃប្រទេសទាំងពីរលើវិស័យកីឡា-ទេសចរណ៍។ ការចុះ MOUនេះ នឹងអាចធ្វើឡើង ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ «កិច្ចសន្ទនាគ្នានេះ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលនឹងអាចឈានដល់ការចុះ MOU ជាមួយគ្នាឲ្យបានឆាប់រហ័ស ដើម្បីត្រៀមបង្កើនគុណភាពបច្ចេកទេសរបស់ប្រភេទកីឡាមួយចំនួន ត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ ជាលើកដំបូងនេះ»៕

រូបភាព Cambodia 2023

You might also like