ថ្ងៃនេះ កម្ពុជាសល់ ២០០ថ្ងៃគត់នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
(ភ្នំពេញ)៖ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ កម្ពុជានៅសល់ ២០០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បើគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ កាលពីចុងសប្តាហ៍នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្ញើសារ និងអំពាវនាវ ៣ចំណុចសំខាន់ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ ដើម្បីគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ។
ទី១-ចូលរួមធ្វើឲ្យស្រុកទេសយើងស្អាត។ ការធ្វើឲ្យស្រុកទេសស្អាត គឺជាភាពទាក់ទាញណាស់ ពិសេសសម្រាប់វិស័យទេសចរណ៍ ព្រោះការប្រកួតកីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយ។ កីឡាករ-កីឡាការិនីក៏ជាទេសចរ តែមិនមែនមកតែកីឡាករ ឬកីឡាការិនីនោះទេ គឺមានទាំងអ្នកគាំទ្រជាច្រើន(រាប់ម៉ឺននាក់)។ ហេតុនេះ ការរៀបចំឲ្យស្រុកទេសយើងស្អាត ពិសេសរាជធានីភ្នំពេញ ដែលជាកន្លែងប្រកួតកីឡាដ៏ធំជាងគេ និងមានខេត្តគោលដៅមួយចំនួន ដែលធ្វើម្ចាស់ផ្ទតាមគោលដៅ សូមមេត្ដាចូលរួមធ្វើយ៉ាងម៉េចឲ្យគោលដៅរបស់យើងស្អាត និងបៃតង។
ទី២-បញ្ហាអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់ ទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាការរៀបចំតុបតែងលម្អផងដែរ។ ការតុបតែងលម្អនេះ សំខាន់ណាស់ គឺជាការស្វាគមន៍ និងអបអរសាទរដល់ភ្ញៀវ ពិសេសព្រឹត្តិការណ៍ទាំងមូល។ យើងបានជជែកជាមួយសាលារាជធានីភ្នំពេញរួចហើយ ហើយអាជ្ញាធររាជធានី ក៏បានយកចិត្តទុកដាក់ និងជំរុញឲ្យមានការរៀបចំតុបតែងភ្លើងតាមផ្ទះ ផ្លូវ និងនៅជុំវិញកន្លែងរៀបចំការប្រកួតឲ្យបានល្អប្រសើរ ដើម្បីធានាបានថា មើលទៅអ្វីៗទាំងអស់ ជាចលនារបស់ជាតិមួយ ក្នុងការស្វាគមន៍ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
ទី៣-ការផ្ដល់នូវសេវាទេសចរណ៍ល្អ ពិសេសត្រូវមានភាពរួសរាក់ទាក់ គឺជាការចាំបាច់ណាស់។ ការដឹកជញ្ជូនទៀតសោត មិនថា តាម Pass App និងធម្យោបាយអ្វីនោះទេ ព្រោះអ្នកខ្លះអត់ធ្វើដំណើរតាមការរៀបចំរបស់យើងនោះទេ គាត់ចង់ធ្វើដំណើរលក្ខណៈឯកជន។ ត្រង់ចំណុចនេះ ត្រូវផ្ដល់នូវបដិសណ្ឋារកិច្ចដ៏ល្អ រួសរាយរាក់ទាញ់ដល់ភ្ញៀវ ពោលគឺគ្រប់សេវាទាំងអស់ គុណភាពសេវាក៏ត្រូវល្អ តម្លៃក៏សមរម្យ ហើយសំខាន់ត្រូវមានភាពរួសរាយរាក់ទាក់។ មិនថាតែកន្លែងផ្ដល់សេវាទេសចរណ៍ទេ នៅតាមផ្សារ អ្នកខ្លះចូលផ្សារថ្មី ផ្សារទួលទំពូង និងកន្លែងផ្សេងៗ គឺប្រជាជនម្នាក់ៗ សុទ្ធតែមានកាតព្វកិច្ចផ្ដល់នូវការទទួលបដិសណ្ឋារកិច្ច រួសរាយរាក់ទាក់ដល់ភ្ញៀវទាំងអស់គ្នា។
នេះគឺជាចំណុចសំខាន់ៗ ដែលលោករដ្ឋមន្ដ្រី ថោង ខុន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសរាជធានី-ខេត្តគោលដៅ ត្រូវទទួលរៀបចំការប្រកួត មានដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ត្រូវចូលរួមឲ្យបានល្អ ឲ្យបានសកម្ម ដើម្បីជំរុញការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។ ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរាប់ថយក្រោយ ២០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ៕
ដោយ ៖ គោព្រៃ