ប្រតិភូ និងអត្តពលិកកីឡាប៉េតង់កម្ពុជា បានមកដល់មាតុភូមិ អមជាមួយមេដាយជាច្រើនគ្រឿងមកជូនជាតិ
ភ្នំពេញ ៖ ក្រុមអត្តពលិកប៉េតង់ កម្ពុជា បានត្រឡប់មកដល់មាតុភូមិកំណើតវិញហើយ នារសៀលថ្ងៃទី១៤ ខែ វិច្ឆិការ ឆ្នាំ២០២២ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបាននាំយកភាពជោគជ័យដ៏ធំធេងមកជូនជាតិ គឺការឈ្នះមេដាយមាស៣គ្រឿង ប្រាក់២ និងសំរិទ្ធ២គ្រឿង ពីការប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ (the 4th Asian Boules Sport Confederation Petanque Championship Tournament 2022) នៅទីក្រុងបាងកក ប្រទេសថៃ។
ដែលការវិលត្រឡប់មកដល់មាតុភូមិរបស់ក្រុមអត្តពលិកប៉េតង់កម្ពុជា មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមសុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រួមជាមួយសាចញ្ញាតិកីឡាករ កីឡាការិនីផងដែរ ។
ចំពោះមេដាយដែលអត្តពលិកកម្ពុជាដណ្តើមបាន មានដូចជា មាស៣គ្រឿង ដោយកីឡាករ អ៊ុត ដួងខែ ប្រកួតលើ វិញ្ញាសា យុវជន វាយយកពិន្ទុ អាយុក្រោម ១៨ឆ្នាំ , កីឡាករ ថោង ឈឿន ប្រកួតលើវិញ្ញាសា បុរស វាយយកពិន្ទុ , និងវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ ប្រជែងបានដោយក្រុមកីឡាករ ថោងឈឿន , យឹម សុភ័ណ្ឌ , សៅ សុភារ៉ាន់ និងតិប នរ៉ា ។ មេដាយប្រាក់២គ្រឿង ដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាសា នារី វាយយកពិន្ទុ និងវិញ្ញាសា នារី ៣នាក់ទល់៣នាក់ មានកីឡាការិនី អ៊ុក ស្រីមុំ , អ៊ុន ស្រីយ៉ា , ឃួន យ៉ារី និង អ៊ុ ដាវីន ។ ខណៈមេដាយសំរិទ្ធ២គ្រឿង ដណ្តើមបានលើ វិញ្ញាសា បុរស ៣នាក់ទល់ ៣នាក់ ដោយ កីឡាករ ហេង ស៊ូមៀន , ស៊ីន វង់ , ញ៉ែម បូរ៉ា , ពុធយ៉ុន ច័ន្ទដារ៉ា និងវិញ្ញាសាយុវជន ៣នាក់ ទល់ ៣នាក់ អាយុក្រោម ១៨ឆ្នាំ ដណ្តើមបានដោយ កីឡាករ ភាព ផាឃិន , កីឡាករ អ៊ុត សុខជា , កីឡាការិនី ហាក់ ស្រីនុត និងកីឡាករ នូច សុខេមរៈ ។
ក្នុងឱកាសអញ្ជើញទទួលនោះឯកឧត្តមសុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍ពន្យល់ថា ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា ទៅចូលរួមប្រកួត ៦វិញ្ញាសា ប៉ុន្តែទទួលបានមេដាយចំនួន ៧។ លើសត្រឹមតែពីមេដាយ កម្ពុជាបានផ្តល់ឱកាសដល់ទំពាំងស្នងឫស្សីដែលជាពន្លកថ្មី បានបង្ហាញសក្តានុពលរបស់ខ្លួនលើឆាកអន្តរជាតិ។ ការលេងជាក្រុម ការសាមគ្គីជាធ្លុងមួយ ហើយការរួមគ្នាជ្រោងទង់កម្ពុជាដោយក្តីមោទកនៅលើឆាកអន្តរជាតិ។ លើសពីនោះ យើងក៏បានបង្ហាញវប្បធម៌ និងស្មារតី ដែលចេះជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរ។
យើងបានបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួត ចំនួន ៨ក្រុម លើ ៦វិញ្ញាសា ទទួលបាន មេដាយ ចំនួន ៧គ្រឿង ដោយហេតុកម្ពុជាយើងជាម្ចាស់ជើងឯកអាស៊ីជំនាន់មុនលើវិញ្ញាសា បុរស ៣នាក់ ទល់ ៣នាក់ និងយុវជន ៣នាក់ ទល់ ៣នាក់ ដូចនេះយើងអាចមានលទ្ធភាពចូលរួមប្រកួតលើវិញ្ញាសាទាំង២ នេះ បានចំនួន ២ក្រុម ដោយឡែក ប្រទេសដទៃចូលរួមបានតែ ១ក្រុមប៉ុណ្ណោះក្នុង ១វិញ្ញាសា។ ឯកឧត្តមប្រធានបញ្ជាក់ទៀតថា ដោយសាការខិតខំព្យាយាមហ្វឹកហាត់ជាប្រចាំរបស់ក្រុមអត្តពលិក មិនខ្លាចហត់នឿយ និងមានការជួយដុះខាតសមត្ថភាពពីគ្រូបង្វឹក រួមជាមួយការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្នុងសហព័ន្ធ ទើបធ្វើអោយយើងទទួលបានលទ្ធផលយ៉ាងធំធេងនាពេលនេះ ។
សូមជម្រាប់ជូនថា សហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា ក្រោមការជួយ ទំនុកបម្រុង ពីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូលប្រតិភូ កីឡារបស់ខ្លួន រហូតដល់២៧នាក់ ក្នុងនោះបានបញ្ជូនក្រុមជម្រើសជាតិ បុរស ចំនួន ៨នាក់ ក្រុមជម្រើសជាតិនារី ចំនួន៤នាក់ និង ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំចំនួន ៨នាក់ ក្រោមការ ដឹកនាំរបស់គ្រូបង្វឹក ៤នាក់ និងប្រតិភូ៣នាក់ ដែលមានលោក ស៊ុម សុជាតិ ជាប្រធានប្រតិភូ៕