ឯកឧត្តមបណ្ឌិត ថោង ខុន ជម្រុញអោយគ្រប់ភាគីពាក់ព័ន្ធ រៀបចំអោយបានរួចរាល់ មុនពិធីបើកកីឡាជាតិ លើកទី៣ នាដើមសប្ដាហ៍ក្រោយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជម្រុញអោយគ្រប់ភាគីដែលពាក់ព័ន្ធរៀបចំអោយបានរួចរាល់មុនពិធីបើកកីឡាជាតិ លើកទី៣ នាដើមសប្ដាហ៍ក្រោយ ។
ការជម្រុញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងបន្ទប់ប្រជុំពហុកីឡដ្ឋានជាតិមរតកតេជោ។
ដែលកិច្ចប្រជុំនេះ មានភាគីពាក់ព័ន្ធជាច្រើនចូលរួម រួមមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ភាគីទីតាំងរៀបចំ និងអាជ្ញាធរពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ មានការបែងចែកការងារជាក្រុមតូចៗ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធានាឲ្យបាន នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍តេស្ដសាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC មានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យការរៀបចំដំណើរការដោយរលូន និងទទួលបានជោគជ័យផងដែរ។ការរៀបចំ ត្រូវមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ហើយការចូលរួម ត្រូវមានការចាត់តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់ នឹងត្រូវចូលរួមពិធីបើកខាងលើ ដូច្នេះការរៀបចំត្រូវមានភាពហ្មត់ចត់បំផុត។រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជាការសម្ដែង កំពុងធ្វើការហាត់សមផងដែរ ដោយមានមនុស្សចូលរួមសម្ដែងប្រមាណជាង ២ពាន់នាក់ ក្នុងនោះជាង ១ពាន់នាក់ គឺជាកម្លាំងនាយកដ្ឋានអង្គរក្ស។
សូមជម្រាប់ជូនថា ពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
ប្រភពរូបភាព ៖ Cambodia 2023