អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់ គប្បីត្រូវបន្តការខិតខំថែរក្សាក្បាច់គុនព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ

Detail Top Banner

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ចំពោះការដាក់បញ្ជូលគុនល្បុក្កតោក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីអបអរសាទរនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា នេះគឺជាជោគជ័យប្រកបដោយមោនកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងយើងទាំងអស់គ្នា ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។ «ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទូទាំងព្រះរាណាចក្រកម្ពុជា»។

«ក្នុងឱកាសដ៏សប្បាយរីករាយនោះឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានសម្តែងការសោកស្តាយ ចំពោះវត្តមានលោកគ្រូតាជាច្រើនរូបបានបាត់បងជីវិតជាបន្តបន្ទាប់។ ហើយនៅពេលនេះ ប្រសិនបើពួកគាត់នៅមានជីវិត មិនដឹងពួកគាត់សប្បាយចិត្តខ្លាំងប៉ុណ្ណានោះទេ។ យើងសប្បាយ១ ពួកគាត់សប្បាយ១០។ បើយើងសប្បាយ១០ ពួកគាត់សប្បាយ១០០ដង។ នេះជាហេតុផលមួយ ដែលយើងទាំងអស់គ្នាត្រូវចងចាំនូវការខិតខំតស៊ូយ៉ាងច្រើនរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។ «នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយនូវគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ បើយើងមិនបានបំពេញលក្ខខណ្ឌបានពេញលេញនោះទេ អង្គការយូណេស្កូនឹងដកទៅវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាការពារឲ្យបានល្អប្រសើរនូវភាពជោគជ័យនេះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានទទូចស្នើសុំដល់អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់ត្រូវបន្តការខិតខំថែរក្សាក្បាច់គុនព្រលឹងជាតិមួយនេះឲ្យកាន់តែល្អប្រសើរ។ «ប្រសិនបើយើងមិនថែរក្សាបានល្អនោះទេ គឺទី១គេព្រមាន។ ទី២ គេនឹងព្យួរ ហើយទី៣ គឺនឹងដកបេក្ខភាពចេញពីបញ្ជីវិញ»។ ដូច្នេះឯកឧត្តមអគ្គលេខាធិការបានសំណូមឲ្យអ្នកគ្រប់គ្នាត្រូវបន្តពង្រឹងការខិតខំថែរក្សាអភិរក្ស និងអភិវឌ្ឍក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះឲ្យបានគង់វង់ កុំឲ្យបាត់បង់៕

You might also like