CAMSOC បើកកិច្ចប្រជុំ ត្រៀមខ្លួនមុនពេលមកដល់១០០ថ្ងៃនៃស៊ីហ្គេម២០២៣
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ជាមួយគណៈកម្មការជំនាញនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិ មុនពេល១០០ថ្ងៃចូលមកដល់ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំនេះលើបញ្ហា២ចំណុចដែលត្រូវដោះស្រាយគឺ ទី១. យកចិត្តទុកដាក់លើកិច្ចការរដ្ឋបាល និងការទទួលខុសត្រូវលើធនធានមនុស្ស ដោយត្រៀមប្រមូលផ្តុំធ្វើការ នៅមជ្ឈមណ្ឌលប្រតិបត្តិការរួម។ ទី២ គឺការត្រួតពិនិត្យឡើងវិញនូវកិច្ចការដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើ ហើយអ្វីដែលមិនទាន់បានបំពេញ នឹងត្រូវជំរុញឲ្យបំពេញបន្ថែមលើកិច្ចការទាំងនោះឲ្យបានទាន់ពេលវេលា និងឲ្យបានរួចរាល់ មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលជាការរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣»។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា «ក្នុងរយៈពេលសល់នេះ យើងត្រូវតែមានសក្តានុពលអំពីការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងបណ្តាប្រទេសនានានៃអាស៊ាន ដែលត្រៀមមកចូលរួមប្រកកួតប្រជែងមេដាយ នាស៊ីហ្គេម ២០២៣។ ក្នុងអំឡុងរយៈពេលសល់១០០ថ្ងៃ CAMSOC នឹងរៀបចំផ្សព្វផ្សាយឲ្យបានខ្លាំងក្លានូវកម្មវិធីសំខាន់ៗទាំងអស់ជាមួយនឹងកម្មវិធីប្រារព្ធពិធី១០០ថ្ងៃ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមនៃ១១ប្រទេសក្នុងអាស៊ាន»។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា អំឡុងពេលត្រៀមមុន១០០ថ្ងៃនេះ នឹងត្រៀមការផ្សព្វផ្សាយបន្ថែម ការរៀបចំតុបតែង ការរៀបចំសន្និសុខសណ្តាប់ធ្នាប់ ពិធីការផ្សេងៗទៀត ដោយកម្ពុជានឹងបង្ហាញជូនមុនពេលដ៏មានសារសំខាន់នេះ។ «អ្វីជាលទ្ធផលនៃកិច្ចប្រជុំនេះ គឺយើងបានបញ្ជ្រាបនូវព័ត៌មានជាក់ច្បាស់ របៀបរបបនៃការងារផ្ទៃក្នុងជូនដល់គណៈកម្មការជំនាញទាំងអស់រួចរាល់អស់ហើយ។ ចាប់ពីពេលនេះតទៅ គឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងលះបង់ពេលវេលា និងសម្រួចលើផែនការងារឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមួយនេះទទួលបានជោគជ័យ»៕