ម្ចាស់មេដាយកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ម្ចាស់ជ័យលាភីមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ (Aerobic Gymnastics Asian Championship 2022) នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសរុបចំនួន ២៣៦លានរៀល ពីរាជរដ្ឋាភិបាលកម្ពុជា។
ពិធីប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន តំណាងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ កាលពីថ្មីៗ សហព័ន្ធ បានបញ្ចូនប្រតិភូកីឡាកាយសម្ព័ន្ធ១៨នាក់ចូលរួម ក្រោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយលើ៣ វិញ្ញាសា រួមមានមេដាយប្រាក់២វិញ្ញាសា និងសំរឹទ្ធ១វិញ្ញាសា។សម្រាប់មេដាយប្រាក់ទី១ ដណ្ដើមបានលើវិញ្ញាសាគូ មានកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយប្រាក់ ២គ្រឿង និងមេដាយប្រាក់ទី២ លើវិញ្ញាសាអាអេរ៉ូប៊ិកជាក្រុម ៥នាក់ មានកីឡាការិនី ឌឹម អ៊នធីតា, សួស ស្រីពៅ, ឈួន សុវណ្ណបញ្ញា, ស៊ីវ ចន្ថា និងកីឡាការិនី ណេម សុខហេង ស្មើនឹងមេដាយប្រាក់ ៥គ្រឿង។ រីឯមេដាយសំរឹទ្ធ ១ ដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូជាក្រុម(សម្ដែង៣នាក់) មានកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ច្រឹង ចាន់ត្រា និងកីឡាការិនី ឈួន ស្រីនាត ស្មើនឹងមេដាយសំរឹទ្ធ៣គ្រឿង។តាមគោលការណ៍សម្រាប់ការប្រកួតក្របខណ្ឌជើងឯកអាស៊ីនេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់រង្វាន់លើទឹកចិត្ត ដល់ម្ចាស់មេដាយប្រាក់ក្នុង ១គ្រឿង ចំនួន ២០លានរៀល ខណៈមេដាយសំរឹទ្ធក្នុង ១គ្រឿង ចំនួន ១៦លានរៀល។ ចំណែកគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១០០% ស្មើនឹងមេដាយខ្ពស់បំផុតរបស់កីឡាករ-កីឡាការិនី និងគ្រូជំនួយ ក៏ទទួលបាន៧០% នៃមេដាយរបស់កីឡាករ-កីឡាការិនីផងដែរ។ ដូច្នេះប្រាក់រង្វាន់ ដែលរាជរដ្ឋាភិបាល់ជូនជ័យលាភីកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ខាងលើ មានចំនួនសរុប ២៣៦លានរៀល ៕