ឯកឧត្តម ថោង ខុន ជម្រុញអោយគណៈកម្មការជំនាញនីមួយៗ ត្រូវបន្តធ្វើការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC ជម្រុញអោយគណៈកម្មការជំនាញនីមួយៗ ត្រូវបន្តធ្វើការងាររបស់ខ្លួន អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីអោយការងារទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣សម្រេចបានជោគជ័យ ។
ការជម្រុញនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញទាំងអស់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន មកធ្វើការសម្រួលរៀបចំឡើងវិញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ថោង ខុន បានស្តាប់នូវរបាយការណ៍របស់គណៈកម្មការជំនាញនីមួយៗ ពីបញ្ហាប្រឈម សូមអោយដោះស្រាយបំភ្លឺ ចំពោះគណៈកម្មការជំនាញ ដែលមានការងារខ្លះ មិនបានធ្វើ និងការងារខ្លះដែលធ្វើរួចហើយ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ និងណែនាំចំណុចខ្វះខាត ដោយផ្តោតសំខាន់ លើកន្លែងស្នាក់នៅ ហូបចុក បដិសណ្ឋារកិច្ច និងលើទីលានប្រកួត សូមធ្វើអោយមានភាពជាក់លាក់ និងទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ណែនាំ អោយគណៈកម្មការជំនាញ ធ្វើការងារអោយបានម៉ត់ចត់ ចាប់ពីខែមករា តទៅ ដោយធ្វើការរួមគ្នា នៅក្នុងមជ្ឍមណ្ឌលបញ្ជាការរួមមួយ នៅពហុកីឡដ្ឋានមរតកតេជោ (Games Operation Centre)។ គឺយើងត្រូវធ្វើគ្រប់ជំនាញទាំងអស់ គ្រប់គណៈកម្មការទាំងអស់ ចាប់ពីខែ១ ខែ២ ខែ៣ តទៅ ដើម្បីសម្រួលដល់ការរៀបចំព្រឹត្តិការណ៍ជាតិ ដែលយើងត្រូវតែរួមគ្នាធ្វើ និងមានពេលវេលាច្បាស់លាស់គ្រប់ផ្នែកទាំងអស់ ដោយមន្រ្តីថ្នាក់ដឹកនាំគណៈកម្មការជំនាញដែលជាប់ពាក់ព័ន្ធ ដែលកំពុងមប្រើការងារស្នូល នៅក្រសួង ស្ថាប័នទាំងអស់ ត្រូវដាក់លិខិតស្នើសុំការអនុញ្ញាតមកបំពេញការងារ នៅក្នុង Camsoc អោយបានទៀងទាត់។ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការជំនាញនីមួយៗ គឺបានធ្វើការងារបានល្អ នឹងសម្រេចបានពី៧០ ទៅ៨០% គ្រាន់តែត្រូវបន្តធ្វើអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតប៉ុណ្ណោះ ដើម្បីអោយព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តនេះ ទទួលបានជោគជ័យប្រកបដោយមោទកភាពជាតិ៕