សហព័ន្ធកីឡាការ៉ាតេ រៀបចំវគ្គបណ្តុះបណ្តាល ត្រៀមរៀបចំការប្រកួតនាពេលខាងមុខ

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល បញ្ជ្រៀបការយល់ដឹងបន្ថែម ជូនដល់អាជ្ញាកណ្តាលចៅក្រម ដើម្បីអោយការត្រៀមខ្លួនកាន់តែមានទំនុបចិត្តខ្ពស់ទាំងការប្រកួតជាតិ និងអន្តរជាតិ ជាពិសេសក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការន៍កីឡាស៊ីហ្គេម លើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខអោយទទួលបានជោគជ័យ ។


ដែលវគ្គបណ្តុះបណ្តាលនេះ បានរៀបចំពិធីបិទកាលពីចុងសប្តាហ៍កន្លងទៅ ក្រោមវត្តមានឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅអគាគណៈកម្មការជាតិអូឡាំពិកកម្ពុជា ។

បើតាមរបាយការណ៍ របស់គណៈកម្មការរៀបចំវគ្គនេះ បានបង្ហាញឲ្យឃើញថា សិក្សារយៈពេល០៥ថ្ងៃនេះ ត្រូវបានបែងចែកជាពីរគឺៈ ទ្រឹស្តីកាតា (Kata Theory) និងទ្រឹស្តី ប្រយុទ្ធ (Kumite Theory)។ ក្រោមការពន្យល់យ៉ាងក្បោះក្បាយ ច្បាស់លាស់របស់គ្រូឧទ្ទេស ដែលជាអាជ្ញាកណ្តាល-ចៅក្រមការ៉ាតេ ពិភពលោក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ បានធ្វើឱ្យសិក្ខាកាមទាំងអស់មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការ ត្រងត្រាបចាប់យកនូវអ្វីដែលគ្រូបានពន្យល់ ដែលធ្វើឱ្យសិក្ខាកាមងាយយល់ ឆាប់ចេះ ឆាប់ចាំ យ៉ាងច្បាស់លាស់។ ពេលអនុវត្តន៍ជាក់ស្តែងនៅលើកម្រាល សិក្វាកាមទាំងអស់មានការវិនិច្ឆ័យបានយ៉ាងសុក្រិត ត្រឹមត្រូវ តាមក្បួនច្បាប់ ដែលបានរៀន។

ក្នុងឱកាសនោះឯកឧត្តម ណុប វណ្ណថារ៉ូ បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវអំណរស្វាគមន៍ យ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយ សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមនេះ ឲ្យកើតឡើងប្រកបដោយជោគជ័យរីករាយ ក្នុងគោលបំណងលើកកម្ពស់ ធនធានអាជ្ញាកណ្តាលចៅក្រមឲ្យមានសក្ដានុពល ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេថ្នាក់ជាតិឆ្នាំ២០២២ នាពេលខាងមុខ ក៏ដូចជាត្រៀមលក្ខណៈចូលរួមធ្វើជាអាជ្ញាកណ្តាលចៅក្រមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ ផងដែរ។ ជាមួយគ្នានោះជំនួសមុខប្រធានសហព័ន្ធ អគ្គលេខាធិការរងខាងលើ ក៏បានផ្តាំផ្ញើនូវចំណុចមួយចំនួន ទៅដល់លោកគ្រូ អ្នកគ្រូដែលជាសិក្ខាកាម ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះប្រកបដោយភាពជោគជ័យ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះវិជ្ជាជីវៈអាជ្ញាកណ្តាលចៅក្រមដោយប្រកាន់ខ្ជាប់នូវសច្ចៈយុត្តិធម៌ក្នុងការវិនិច្ឆ័យនៅពេលប្រកួត ដើម្បីរក្សានូវគុណតម្លៃនៃវិជ្ជាជីវៈរបស់ខ្លួន ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។ដោយមានសាលាគុន សមាគម ក្លឹប ចំនួន១០ចូលរួម ដែលមានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន ២២នាក់ ក្នុងនោះទទួលលទ្ធផលល្អចំនួន ២២នាក់ ល្អបង្គួរ ចំនួន ៨នាក់ ។

You might also like