មេដាយមាសកំណត់ត្រាថ្មីដណ្តើមបានក្នុងស៊ីហ្គេមដែលកីឡាវាយសីកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងជួយឲ្យប្រភេទកីឡាស៊ីរបស់កម្ពុជាបន្ថែមនូវប្រជាប្រិយភាព

Detail Top Banner

ក្រុមកីឡាវាយសីកម្ពុជាប្រកួតលើវិញ្ញសាក្រុមចម្រុះ ដណ្តើមបានមេដាយមាសសម្រេចគោលដៅជូនសហព័្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះក្រុមកីឡាវាយសីប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល៣សិតទល់២សិត វគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាកីឡដ្ឋានមរតកតេជោ។


ជ័យជំនះជាប្រវត្តិសាស្រ្តដែលធ្វើបាននៅក្នុងទឹកដីកំណើតរបស់ខ្លួននេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា កន្លងមកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ក្រុមកីឡាវាយសីកម្ពុជាពុំធ្លាប់ទទួលបានមេដាយជូនជាតិឡើយ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា មេដាយមាសដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនជាមេដាយទទួលបានដោយចៃដននោះទេ ពោល គឺ ថ្នាក់ដឹកនាំឯកឧត្តម លី កុសល់ ប្រធានសហព័ន្ធកីឡាវាយសីបានរៀបចំយុទ្ធត្រៀមទុកយូហើយ ក្នុងការទទួលបានមេដាយជូនជាតិ ហើយក៏ជាការបើទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាសីប្រទេសកម្ពុជា។


ឯកឧត្តម ឧត្តមសេនីយ៍ទោ រូបនេះ បានលើកឡើងទៀតថា មេដាយមាសកំណត់ត្រាថ្មីដណ្តើមបានក្នុងស៊ីហ្គេមដែលកីឡាវាយសីកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងជួយឲ្យប្រភេទកីឡាស៊ីរបស់កម្ពុជាបន្ថែមនូវប្រជាប្រិយភាព។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម តំណាងឲ្យឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអួឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ដែលបានសម្រាបសម្រួលបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសចិន ទទួលបានសិទ្ធិផលខ្ពស់ប្រកួតដណ្តើមបានមេដាយជូនជាតិ។

សូមជម្រាប់ថា មេដាយមាសជាប្រវត្តិសាស្រ្ត និងជាកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្រុមកីឡាវាយសីកម្ពុជាដណ្តើមបានលើវិញ្ញសាប្រកួតវាយជាក្រុមចម្រុះ ដោយប្រកួតទី១ ឈ្នះក្រុមកីឡាវាយសីប្រទេសទីម័រ ប្រកួតទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះប្រទេសឡាវដោយលទ្ធផលតានតឹងខ្លាំង៣សិតទល់២សិត និងប្រកួតផ្តាច់ព្រ័ត្រឈ្នះប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផលតានតឹងដូចគ្នា៣សិតទល់២សិត។
គួរបញ្ជាក់ថា សម្រាប់កីឡាវាយសីកម្ពុជា នៅមានវិញ្ញសាជាច្រើនទៀតនឹងត្រូវប្រកួតជាបន្តបន្ទាប់ទៀត នៅមានឱកាសដណ្តើមបានមេដាយជាច្រើនទៀត ខណៈវិញ្ញសាឯកក្តជនបុរសនារី និងវាយគូ បុរសនារី សុទ្ធសឹងជាកីឡាករកីឡាការិនីមានសិទ្ធិផលខ្ពស់ទទួលបានការពង្រឹងសមត្ថភាពនៅប្រទេសចិន៕

You might also like