ម្ចាស់មេដាយមាសដំបូងគេរបស់កម្ពុជា លើប្រភេទកីឡាអត្តពលកម្ម មានមោទកភាព ក្រោយឃើញអ្នកគាំទ្រយ៉ាងច្រើនកុះករ ចូលរួម អបអរ
ផ្នែកសំខាន់នៃការបំពាក់មេដាយលើប្រភេទកីឡាអត្តពលកម្ម និងជាថ្ងៃដែល កីឡាករ ឈុន ប៊ុនថន ចងចាំមិនភ្លេចក្រោយបានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាស លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ ។
ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាករ ឈុន ប៊ុនថន បានបញ្ជាក់ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំង ហើយមានមោទនភាពចំពោះ ប្រទេសកម្ពុជា ជាពិសេសខ្ញុំមានមោទនភាពចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលបានមកគាំទ្រ រូបខ្ញុំបាទ ដោយគាត់យល់ឃើញថា គឺជាបេះដូងខ្មែរតែមួយ ។ ឈុន ប៊ុនថន បន្តថា បើតាមការសង្កេតមើលរបស់ខ្ញុំឃើញថា បងប្អូនជនរួមជាតិ បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រ ស្ទើរតែគ្រប់ប្រភេទកីឡា យ៉ាងច្រើនកុះករដែលបង្ក លក្ខណ ជំរុញលើកទឹកចិត្ត ឲ្យខ្ញុំបាទកាន់តែមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការឈានឆ្ពោះ ខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងដើម្បីទទួលបានជោគជ័យនាពេលនេះ »។
សូមបញ្ជាក់ថា សម្រាប់ការដណ្តើមបានមេដាយមាសនេះ ជាលើកដំបូងហើយសម្រាប់អត្តពលិក លើប្រភេទកីឡាអត្តពលកម្ម ដោយពីមុនមក កម្ពុជាមិនធ្លាប់មានកីឡាកររូបណាអាចដណ្តើមបាននោះទេ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។