រកឃើញក្រុមជើងឯកបាល់ទាត់មហាជនប្រចាំស្រុកល្វាឯម នៃពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំ២០២៣
បាល់ទាត ៖ ការប្រកួតបាល់ទាត់មហាជនដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំ២០២៣ បានរកឃើញជើងឯកហើយ បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនខែ។
ដែលពិធីបិទការប្រកួតបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ជូ វណ្ណៈ អគ្គនាយក និយ័តករអាជីវកម្ម អចលនវត្ថុ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាអនុប្រធានទី២ ក្រុមការងារចលនាយុវជនស្រុកល្វាឯម នាល្ងាចថ្ងៃអាទិត្យ ទី៤ ខែមិថុនា នៅទីលានបាល់ទាត់មុខវិទ្យាល័យ ទឹកឃ្លាំង ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល ។
បើតាមរបាយការណ៍របស់លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអោយដឹងថា ក្រោមការឧបត្ថម្ភគាំទ្រទាំងថវិកា សម្ភារៈ និងស្មារតី ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានរៀបចំការប្រកួតបាល់ទាត់ ទាំងបុរស និងនារី ជាបន្តបន្ទាប់ សម្រាប់ស្វែងរកធនធានល្អៗ ដើម្បីត្រៀមការប្រកួតថ្នាក់ខេត្តនាពេលខាងមុខ ។
សម្រាប់ការប្រកួតនេះ មានក្រុមបុរសចូលរួមចំនួន១៦ក្រុម និងនារីចំនួន០៨ក្រុម មកពីឃុំ/សង្កាត់ចំនួន១៣ក្នុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ។
ចំពោះក្រុមបុរសទាំង១៦ក្រុម ត្រូវបានបែងចែកជា០៤ពូល ក្នុងមួយពូលមាន០៤ក្រុម ដែលត្រូវប្រកួតដោយប្រើរូប មន្តវិលជុំ សន្សំពិន្ទុ ជ្រើសរើសយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ទៅប្រកួតខ្វែងនៅវគ្គបន្ត។ ក្រុមនារីទាំង០៤ក្រុម ត្រូវប្រកួតគ្នាដោយប្រើរូបមន្តវិលជុំសន្សំពិន្ទុ និងយកចំណាត់ថ្នាក់សន្សំពិន្ទុក្នុងការប្រកួតវិលជុំ ជាចំណាត់ថ្នាក់ផ្លូវការតែម្ដង។
សម្រាប់ការប្រកួត គឺចាប់ផ្តើមពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រកួត២ដងក្នុង១សប្ដាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ) សរុប៤០ប្រកួត។ជាលទ្ធផលក្រោយធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែ ទីបំផុតក៏រកឃើញម្ចាស់ជើងឯក ដោយផ្នែកបុរសបានទៅលើក្រុមយុវជនឃុំពាមឧកញ៉ាអុង ចំណែក យុវជនឃុំអរិយក្សត្រ ក្លាយជាជើងឯករង ។ រីឯជើងឯកផ្នែកនារី ជ័យលាភីបានទៅលើក្រុមវិទ្យាល័យហ៊ុនសែនទឹកឃ្លាំង ជើងឯករងវិទ្យាល័យហ៊ុនសែន ល្វាសរ និងចំណាត់ថ្នាក់លេខ៣ បានលើក្រុននារី ឃុំសារិកាកែវ ៕