អត្តពលិកក្រសួងមហាផ្ទៃកម្ពុជា ដណ្តើមបានមេដាយសរុប៧១គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាលពិភពលោក នៅកាណាដា

Detail Top Banner

អត្តពលិកកីឡារបស់ក្រសួងមហាផ្ទៃកម្ពុជា ដណ្តើម​បាន​មេដាយសរុប៧១គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើក​ទី​២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា ។

បើតាមរបាយការណ៍របស់លោក ងិន មករា មន្ត្រីព័ត៌មានរបស់ក្រុមកីឡាក្រសួងមហាផ្ទៃកម្ពុជា តាមរយៈសាអេឡិចត្រូនិច បានអោយដឹងថា ជ័យលាភីមេដាយទាំង៧១គ្រឿង ដណ្តើមបាន​លើ​១២​ប្រភេទ​កីឡា ក្នុងនោះរួមមាន ៖ កីឡាចំបាប់ ដណ្តើមបានមេដាយ មាស៧ ប្រាក់២ សំរិទ្ធ២ សរុប១១គ្រឿង , ហែលទឹក ដណ្តើម​បាន​មេដាយ​មាស៦ ប្រាក់៦ សំរិទ្ធ៣ សរុប១៥គ្រឿង , ជឺជីតស៊ូ ដណ្តើមបានមេដាយមាស៦ ប្រាក់២ សរុប៨គ្រឿង , ចំបាប់ ដណ្តើមបានមេដាយមាស៣ ប្រាក់៨ សំរិទ្ធ១ សរុប១២គ្រឿង , ការ៉ាតេ ដណ្តើមបានមេដាយ មាស៣ ប្រាក់៣ សំរិទ្ធ២ សរុប៨គ្រឿង , វាយកូនឃ្លីលើតុ ដណ្តើមបានមេដាយ មាស ២ ប្រាក់៣  សរុប​៥គ្រឿង , វាយសី ដណ្តើមបានមេដាយមាស២គ្រឿង , លើកទម្ងន់ ដណ្តើម​បានមេដាយមាស ២ គ្រឿង , Push Pull Lifting ដណ្តើមបានមេដាយមាស១គ្រឿង , បាល់ទះក្នុងសាល ដណ្តើមបានមេដាយមាស១គ្រឿង , យូដូ ដណ្តើមបានមេដាយប្រាក់៤ សំរិទ្ធ១ សរុប៥គ្រឿង , និងបាល់ទះឆ្នេរខ្សាច់ ដណ្តើមបានមេដាយប្រាក់១ ។

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការអនុញ្ញាត ព្រមទាំងការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូកីឡាជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩រូប ធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) ដែលតែងប្រារព្វធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង ៧០នៅជុំវិញពិភពលោកតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា ។ ដែលកម្មវិធីប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ សូមជម្រាបជូនផងដែរថា កម្ពុជា បានបញ្ជូនអត្តពលិកជានគរបាលជាតិ ទៅចូលរួមប្រកួតចំនួន ១៣ប្រភេទកីឡារួមមាន៖ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ , វាយកូនគោល, លើកទម្ងន់Bench Press និងកីឡាលើកទម្ងន់Push -Pull lifting សរុបទាំងអស់ស្មើនឹង ៧៦វិញ្ញាសាប្រកួត ៕

You might also like