ឃីម ឌីម៉ា នឹងបង្ហាញវត្តមានជាលើកទី២ ជំនួស សុខ ធី ដែលមានបញ្ហារបួស

Detail Top Banner

ប្រដាល់ ៖ សម្រាប់ជំនួបរវាងមនុស្សឈើ សុខ ធី ជាមួយអ្នកប្រដាល់ឆ្លងដែន មកពីប្រទេសឡាវ កីឡាករ ខាំ ភូ នឹងមិនអាចកើតឡើងបាននោះទេ ក៏ព្រោះតែបញ្ហារបួស ដូច្នេះត្រូវផ្លាស់ប្តូជំនួសដោយគូផ្សេងវិញ គឺនាគខ្មៅ ឃីម ឌីម៉ា ប៉ះកីឡាករឡាវ ផេត ចំប៉ា ក្នុងប្រភេទម្ងន់៦០គីឡូក្រាម ប្រកួតមិត្តភាពលក្ខណៈគុនខ្មែរ ។
សម្រាប់ការខកខានមិនបានឡើងប្រកួតតាមការកំណត់ត្រូវបានលោកឧកញ្ញាស្រី ចាន់ថន បញ្ជាក់នៅលើផេកផ្លូវការថា សុខ ធី មិនអាចប្រកួតបាននោះទេ ដោយសារ មានបញ្ហារបួសដៃនៅអំឡុងពេលហ្វឹកហាត់ ដូច្នេះសូមអភ័យទោសពុកម៉ែបងប្អូនទាំងអស់គ្នា ។


បន្ទាប់ពីមានការប្រកាសថា សុខ ធី មិនអាចប្រកួតបាន ពេលនេះ សង្វៀនទូទស្សន៍ជាតិ បានធ្វើការផ្លាសប្តូភ្លាមៗ ដោយជំនួសមកវិញ គឺកីឡាករ ឃីម ឌីម៉ា ត្រូវប៉ះជាមួយកីឡាករឡាវ ផេត ចំប៉ា ដែលធ្លាប់ចាញ់សន្លប់ក្រោមថ្វៃដៃ កីឡាករ វ៉ាន់ វឿន ម្តងរួចមកហើយ កាលពីពេលកន្លងទៅនៅសង្វៀន ភីអិនអិន ។
នេះបើតាមការបង្ហោះនៅលើផេក TVK Sports ដោយបានសរសេររៀបរាប់ថា ឃឹម ឌីម៉ា នឹងមកសំលៀងជង្គង់ នៅទទក នាថ្ងៃទី០៣ កញ្ញា ឆ្នាំ ២០២៣ ជំនួសគូ សុខធី ។
ចំពោះការប្រកួតនេះ ជាការឡើងសង្វៀនជាលើកទី២ ហើយសម្រាប់ ឃីម ឌីម៉ា បន្ទាប់ពីជារបួស ។ ដោយការឡើងសង្វៀនលើកទី១ ទទួលបានជោគជ័យបន្ទាប់ពីផ្តួលដៃគូអោយសន្លប់ត្រឹមទឹកទី២ កាលពីពេលថ្មីៗកន្លងទៅ នៅសង្វៀនថោន ។

អត្ថបទ ៖ គោព្រៃ

You might also like