រុន សុខគីម ចូលហាត់ប្រដាល់ ព្រោះចង់ជំនះពាក្យសំដីមើលងាយ
ភ្នំពេញ ៖ កីឡាការិនីល្បុក្តតោ រុន សុខគីម ដែលកំពុងតែឈោងចាប់យកអាជីពប្រដាល់គុនខ្មែរមួយទៀត ត្រៀមឡើងសង្វៀនគុនខ្មែរនៅចុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ បាននឹងកំពុងដាក់ចិត្តដាក់កាយខិតខំហ្វឹកហាត់យ៉ាងខ្លាំងនៅក្លិបប្រដាល់ខេមបូឌាថបធីម។
កីឡាការិនីវ័យ១៨ឆ្នាំមកពីខេត្តព្រៃវែងរូបនេះ បានរៀបរាប់ថា កក្តាដែលជំរុញឲ្យចិត្តរបស់នាងងាកមកបន្ថែមជំនាញគុនខ្មែរមួយទៀតបន្ថែមលើក្បាច់គុនល្បុក្តតោ ព្រោះ នាងចង់ក្លាយជាចំណែកមួយជួយលើកស្ទួយតម្លៃស្រ្តីក្នុងវិស័យគុនខ្មែរ។ នាងអះអាងថា ការបោះជំហានមកកាន់អាជីពជាកីឡាការិនីគុនខ្មែរអស់រយៈពេលជាច្រើនខែកន្លងមកនេះ នាងទទួលបានការលើកសសើរក៏មាននិងពាក្យរិះគន់មើលងាយពីមិត្តភ័ក្កិក៏មាន រហូតពេលខ្លះដល់ពេលខ្លះនាងចង់បោះបងអាជីពមួយនេះផងដែរ។ ប៉ុន្តែអ្វីដែលបានជួយឲ្យនាងមានទឹកចិត្តងាកមកប្រឹងប្រែងហ្វឹកហាត់ឡើងវិញ គឺពាក្យលើកទឹកចិត្តពីឱពុកម្តាយរបស់នាង ដែលធ្លាប់តែជំទាស់រារាំងក្នុងអាជីពមួយនេះ លើកទឹកចិត្តដល់នាងឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីជោគជ័យលើវិថីមួយនេះ។
រុន សុខគីម បានប្តេជ្ញាថា នាងនឹងខិតខំហ្វឹកហាត់អភិវឌ្ឍសមត្ថភាព ដើម្បីឲ្យប្រកួតដំបូងរបស់នាងទទួលបានជ័យជំនះ និងបន្តបោះជំហានទៅរកជោគជ័យជាបន្តបន្ទាប់ទៀតក្នុងការបោះជំហានទៅកាន់ការប្រកួតនៅអន្តរជាតិនាពេលខាងមុខផងដែរ។ នាងនឹងធ្វើឲ្យពាក្យដែលមិត្តភ័ក្កិធ្លាប់តែនិយាយមើលងាយនាងប្រែក្លាយទៅជាពាក្យនិយាយសសើរនិងលើកទឹកចិត្តនាងពេលជួបនាងនៅស្រុកកំណើត។
សូមជម្រាបថា កីឡាការិនី រុន សុខគីម នាងជាអ្នកខេត្តព្រៃវែង នាងមានអាយុ១៨ឆ្នាំ ជាកូនច្បងក្នុងគ្រួសារក្នុងចំណោមបងប្អូនប្រុសស្រី៣នាក់ នាងរៀនបានត្រឹមថ្នាក់ទី៨ នាងបានមកហ្វឹកហាត់គុនខ្មែរ ដោយជ្រកកោណក្នុងក្លិបខេមបូឌាថប់ធីមរបស់ លោកគ្រូ ហ៊ុន ចាន់រាជ្យ ក្រៅពីម៉ោងហ្វឹកហាត់នាងជួយមើលការខុសត្រូវក្លិប ។ បំណងប្រាថ្នាប្រឡុកក្នុងវិថីគុនខ្មែរនេះ គឺសង្ឈឹមថា នឹងប្រើប្រាស់សមត្ថភាពធ្វើខ្លួនល្បីល្បាញ ដើម្បីទទួលបានប្រាក់ចំណូលយកមកជួយទ្រទ្រង់គ្រួសារធ្វើឲ្យជីវភាពធ្លាប់តែក្រលំបាកប្រែក្លាយជាធូធានៅពេលអនាគត៕
អត្ថបទ ៖ គោព្រៃ