ក្រសួងការពារជាតិ ប្រមូលមេដាយមាសជាច្រើនពីការប្រកួត​អត្តពលិកម្មឆ្នាំនេះ

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតកីឡា​អត្តពលិកម្ម​ ជ្រើសរើស​ជើងឯកថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ បានបិទបញ្ចប់​ហើយកាលពី​ម្សិលមិញ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមអត្ត​ពលិករបស់ក្រសួងការពារជាតិ បានបង្ហាញភាពលេចធ្លោ ឈរនៅកំពូលតារាង វា​ដាច់​ក្រុមអត្តពលិក មកពីបណ្តាលក្រសួង ស្ថាប័ន រាជធានីខេត្តទាំង១៤ផ្សេងទៀត ប្រមូល​យក​​មេដាយ​មាស​ជា​ច្រើន​គ្រឿង ។

បន្ទាប់ពីបានធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមអត្តពលិកមកពី១៤ក្លឹប កីឡាករ-កីឡាការិនីរបស់​ក្រសួងការ​ពារ​ពិតជាធ្វើបានល្អមែនទែន ដោយ ដណ្តើមបានមេដាយមាស១១ ប្រាក់៣ និងសំរិទ្ធ៤ សរុប​១៨​គ្រឿង , អត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានត្រឹមមេដាយមាស៣ ប្រាក់៦ និងសំរិទ្ធ៤គ្រឿង ចំណែកខេត្តកណ្តាល កំពង់ធំ កំពត កំពង់ស្ពឺ រាជធានីភ្នំពេញ ដណ្តើមបានមេដាយមាសម្នាក់១គ្រឿងប៉ុណ្ណោះ រីឯពោធិសាត់ ព្រៃវែង ស្ទឹងត្រែង កំពង់ឆ្នាំង សៀមរាប តាកែវ និងកំពង់ចាម មិនដណ្តើមបានមេដាយ​មាសនោះទេ ដោយទទួលបានត្រឹមមេដាយប្រាក់ និងសំរិទ្ធ ។

សូមជម្រាប់ថា សម្រាប់ការប្រកួតកីឡាអត្តពលិកម្មជ្រើសរើសជើងឯកថ្នាក់ជាតិខាងលើនេះ បានធ្វើពិធីបិទនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានអត្តពលិកម្ម ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមវត្តមានលោកដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន កីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ៕

អត្ថបទ ៖ គោព្រៃ

You might also like