ធន់ ស្រីពេញ សង្ឃឹមមានឱកាសឡើងប្រកួតតំណាងជាតិល្បីដូច ទូច ចាន់វត្តី
ដោយមានឈាមជ័រជាអ្នកប្រដាល់ នឹងចិត្តស្រលាញ់ខាងក្បាច់គុនផងនោះ បាននាំអោយ យុវតី ធន់ ស្រីពេញ សម្រេចចិត្តឈានជើងចូលហាត់ប្រដាល់ទាំងខ្លួនកំពុងសិក្សា នៅថ្នាក់អនុវិទ្យាល័យ ព្រោះមានក្តីស្រមៃ ចង់ឡើងប្រកួតដើម្បីទទួលបានភាពល្បីល្បាញ ដូចកីឡាការិនីរូបស្រស់ និងជាជម្រើសជាតិ កម្ពុជា ទូច ចាន់វត្តី ។
ប្រាប់មកកាន់ក្រុមការងារ Cambodia Heart Sport ក្នុងពេលកំពុងហ្វឹកហាត់ ធន់ ស្រីពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ បើទោះបីជាការចូលហាត់គុនខ្មែររយៈ៦-៧ខែនេះ មានការលំបាកយ៉ាងណាក្តី ប៉ុន្តែយុវតីម្នាក់នេះ បានដាក់គោលដៅច្បាស់លាស ក្នុងការហ្វឹកហាត់អោយសម្រេចបានជោគជ័យ និងទទួលបានកេរ្តិ៍ឈ្មោះបោះសំលេងដូចសិស្សច្បងសី្រ ដែលជាអ្នកប្រដាល់កំពង់ល្បីនាពេលបច្ចុប្បន្ន ។
គួរអោយដឹងថា យុវតី ធន់ ស្រីពេញ មានដើមកំណើតនៅទីក្រុងភ្នំពេញ វ័យ១៥ឆ្នាំត្រូវ ជាក្មួយ បង្កើតរបស់លោក ធន់ សុភា ដែលជាគ្រូបង្វឹកនៃក្លឹបប្រដាល់កងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតនៅ ក្នុងពហុកីឡ ដ្ឋានស្តាតចាស់ រាជធានីភ្នំពេញ ។ សម្រាប់ការចូលហាត់ប្រដាល់ ជាង៦ទៅ៧ខែមកនេះ រូបនាងមិនមិនទាន់មានឱកាសឡើងប្រកួតបង្ហាញសមត្ថភាពនៅលើសង្វៀននោះទេ ក៏ព្រោះតែ ជាប់រវល់ក្នុងការសិក្សា កម្រិតអនុវិទ្យាល័យថ្នាក់ទី៩ នៃសាលាហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ។
អត្ថបទ ៖ គោព្រៃ