សហព័ន្ធប្រដាល់គុនខ្មែរ បើកកិច្ចប្រជុំទទួលស្គាល់អនុប្រធានថ្មី

Detail Top Banner

សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំកិច្ចប្រជុំកោះហៅ សមាជិកប្រតិបត្តិរបស់ខ្លួនទាំងអស់ ដើម្បីជាសាក្សីដឹងលឺ ទទួលស្គាល់លោកខូវ ឆាយ ជាអនុប្រធានទី១ថ្មីរបស់សហព័ន្ធ បន្ទាប់ពីលោក វ៉ា សិនភារម្យ អនុប្រធានទី១ចាស់ លាឈប់ពីតំណែងដោយសាររវល់ការងារផ្ទាល់ខ្លួន ។កិច្ចប្រជុំនេះ បានរៀបចំឡើងនៅសាលមជ្ឈមណ្ឌលជាតិអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោយវត្តមានឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះលោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធបាន បង្ហាញពីរបាយការណ៍វឌ្ឍនភាពនាពេលកន្លងមករបស់សហព័ន្ធ និងបានអោយដឹងថា ក្រៅពីប្រកាសតែងតាំងលោកខូវ ឆាយ ជាអនុប្រធានថ្មី ក្នុងវេលានោះក៏មានសមាជិកមួយចំនួនផ្សេងទៀត ដែលបានលាឈប់ពីតំណែងផងដែរ ដោយជំនួសអ្នកថ្មីក្នុងការបន្តរការងារជួយជ្រោមជ្រែងសហព័ន្ធប្រដាល់គុនខ្មែរ អោយបន្តរឈានឆ្ពោះទៅមុខ ។

ជាមួយគ្នានោះ លោក ខូវ ឆាយ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអគុនដល់ថ្នាក់ដឹកនាំ រួមជាមួយសមាជិកសហព័ន្ធទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជ្រើសរើសរូបលោក អោយធ្វើជាអនុប្រធានទី១ថ្មីរបស់សហព័ន្ធ ។ ក្នុងនាមជាអនុប្រធានទី១ ថ្មីរបស់សហព័ន្ធប្រដាល់គុនខ្មែរ លោកខូវ ឆាយ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជម្រុញ ជ្រោមជ្រែងសហព័ន្ធមួយនេះ អោយកាន់តែមានការវិវត្តឈានឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ជាពិសេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ លើកមុខមាត់ប្រទេសជាតិតាមរយៈវិស័យប្រដាល់មួយនេះ នាថ្ងៃអនាគត ។

ទន្ទឹមនោះឯកឧត្តម តែម ម៉ឺន​ ប្រធានសហព័ន្ធក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក និងដាក់សង្ឃឹមដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុប្រធានថ្មីម្នាក់នេះ ដែលទើបបានជ្រើសរើសមកកាន់តែតំណែងមួយនេះ និងជួយលើកស្ទួលអោយសហព័ន្ធកាន់តែរីកចម្រើនពីមួយកម្រិត ទៅមួយកម្រិតទៀតយ៉ាងឆាប់រហ័ស ស្របពេលវិស័យប្រដាល់គុនខ្មែរក៏កំពុងរីកចម្រើនខ្លាំងឡើងផងនោះ ។

You might also like