ការប្រកួតកីឡាទោចក្រយាន ជើងឯកថ្នាក់ជាតិ នៅខេត្តកំពង់ឆ្នាំង មិនផ្តោតសំខាន់លើប្រាក់រង្វាន់
ការរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដែលត្រូវ បានលើកពេលមករៀបចំ នៅខែមករា ដើមឆ្នាំ២០២៤ខាងមុខ មិនផ្តោតសំខាន់លើប្រាក់រង្វាន់ ម្ចាស់ជ័យលាភីនោះទេ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មាន កាលពីម្សិលមិញថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាទោចក្រយាន បានអោយដឹងថា ការរួមចំណែករបស់ដៃគូ ឧបត្ថមផ្តល់ជូនដល់សហព័ន្ធជាទឹកប្រាក់ជាង៤ម៉ឺនដុល្លា សម្រាប់ធ្វើការរៀបចំការ ប្រកួតកីឡា ទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មិនផ្តោតសំខាន់លើប្រាក់រង្វាន់ជូនដល់ម្ចាស់ជ័យលាភីនោះទេ ប៉ុន្តែផ្តោតសំខាន់ លើការចូលរួមអោយបានច្រើន ។ លោកពន្យល់ថា ដោយសារសហព័ន្ធបានប្រើប្រាស់ថវិការ ដែលទទួលបានពីដៃគូឧបត្ថមនេះ យកមកពង្រីកវិញ្ញាសា ខណៈការប្រកួតថ្នាក់ជាតិនាពេល កន្លងមក មានតែ៣ទៅ៤វិញ្ញាសានោះទេ ប៉ុន្តែឆ្នាំនេះសហព័ន្ធបានបង្កើនដល់៧វិញ្ញាសា ឡាករ កីឡាការិនី មានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ដែលការរៀបចំនេះដើម្បី អោយការប្រកួត កាន់តែធំជាងពេលកន្លងទៅ បង្កលក្ខណៈអោយអ្នកចូលរួមមាន ភាពសប្បាយ រីករាយ ទទួលយកពានរង្វាន់មេដាយដែលខ្លួនប្រជែងបាន នឹងសាទរចំពោះលទ្ធផល ដែលខ្លួន បានខិតខំប្រឹងប្រែង ។ អគ្គលេខាធិការ ដ៏ដែល បញ្ជាក់ទៀតថា មូលហេតុដែលសហព័ន្ធជ្រើស រើសខេត្តកំពង់ឆ្នាំងបន្ទាប់ពីបញ្ចប់ការប្រកួតនៅខេត្តសៀមរាប ដោយសារខេត្តនេះ នៅជិតរាជ ធានីភ្នំពេញ ងាយស្រួលដល់ក្រុមក្លឹប សមាគមន៍ទាំងអស់ចូលរួម ម្ស៉ាងទៀតស្ថាន ភាពផ្លូវ ក៏អំណោយផល ដោយសារផ្លូវជាតិលេខ៥ទើបតែសាងសង់រួច ដូច្នេះអំណោយផលដលការរៀបចំការប្រកួតកង់កួក ណាមួយកីឡាករប្រណាំងកង់ជាច្រើននាពេលបច្ចុប្បុន្នគឺកើតចេញពីខេត្តនេះផងដែរ ។ ស្របជាមួយគោលដៅរបស់សហព័ន្ធផងនោះ គឺតាមរយៈការប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានី ខេត្ត ក៏ដូចជាបានផ្ដល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេសកោសល្យ ចំណេះ និងជំនាញ ដូច្នេះ ការប្រកួតនេះក៍ដូចជាបានបង្ហាញពីការវិវឌ្ឍសមត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគាត់ផងដែរ។
សម្រាប់សហព័ន្ធខ្មែរកីឡាទោចក្រយានយើង កំពុងតែស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព ដើម្បីបញ្ចូល ក្នុងក្រុមជម្រើសជាតិ ហេតុដូចនេះមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ តែងតែសំឡឹងមើលលើទេពកោសល្យរបស់ពួកគាត់ជារៀង រាល់ឆ្នាំតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលជាព្រឹត្តិការណ៍ប្រកួតកម្រិតជាតិខ្ពស់ និងធំជាងគេប្រចាំឆ្នាំដើម្បីត្រៀម បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករ ដែលត្រូវទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ។
សូមជម្រាបថា សម្រាប់ការប្រកួតថ្នាក់ជាតិនេះ នឹងចាប់ផ្តើមនាថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ចុងសប្តាហ៍ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចុះឈ្មោះប្រកួតសរុបមានចំនួន២៩៨នាក់ មកពី២៨ ក្លិប សមាគម រាជធានី ខេត្ត ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះ ពី៥៥០នាក់ ដល់៦០០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះមានភាពរលូនបាន។