សហព័ន្ធខ្មែរកីឡាហែលទឹកចម្រាញ់បានកីឡាករឆ្នើម៣រូប ពីជើងឯកសិស្សឧត្ដម ត្រៀមទៅប្រកួតនៅឥណ្ឌូណេស៊ី

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបិទបញ្ចប់ការប្រកួតកីឡាសិស្សឧត្ដមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយជោគជ័យ និងចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមចំនួន៣រូបដើម្បីត្រៀមសម្រាប់ការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ានលើកទី២១នៅចុងខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។


ថ្លែងក្រោយបិទបញ្ចប់ការប្រកួតលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាបានឲ្យដឹងថា ការប្រកួតនេះសហព័ន្ធបានរៀបចំចំនួន២លើកហើយគិតទាំងលើកនេះ ដោយលើកទី១បានរៀបចំកាលឆ្នាំ២០២២។ លើកនេះទៀតសោតជាឆ្នាំមួយដែលរៀបចំបានល្អ ប៉ុន្តែក៏មានចំណុចនៅព្រួយបារម្ភខ្លះគឺទាក់ទងនិងចំនួនសមាជិកចូលរួមប្រកួតប្រកួតប្រជែង ព្រោះថាដ្បិតតែរៀបចំបានពីរលើកក៏ដោយក៏លោកមើលឃើញថាក្រុមចូលរួមមានចំនួនតិចគឺមានត្រឹមតែ៥សាកល-វិទ្យាស្ថានគ្រឹះស្ថានអប់រំប៉ុណ្ណោះដែលបានចូលរួមប្រកួតប្រជែង។

លោកបានសង្កត់ធ្ងន់ថា «តាមរយៈការប្រកួតប្រជែងយើងអាចចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមចំនួន៣រូប ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១នៅប្រទេសឥណ្ឌូណេស៊ីតំណាងឲ្យកីឡាករ-កីឡាការិនីហែលទឹកសិស្សនិស្សិតកម្ពុជា។ ដូចដែលបានឃើញស្រាប់កីឡាករ-កីឡាការិនីដែលយើងចម្រាញ់បានគឺសុទ្ធតែជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស ។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែងហ្វឹកហាត់នៅប្រទេសថៃ ដែលសហព័ន្ធយើងស្នើសុំបានអាហារូបករណ៍សម្រាប់គាត់នៅទីនោះ »។ «ក្នុងព្រឹត្តិការណ៍នាប្រទេសឥណ្ឌូណេស៊ីនេះយើងកត់សម្គាល់ឃើញថា ប្រភេទវិញ្ញាសាដែលយើងដាក់ក្ដីសង្ឃឹមខ្លាំងនោះគឺប្រភេទវិញ្ញាសា៥០ និង១០០ម៉ែត្របែបកង្កែបផ្នែកនារីរបស់កីឡាការិនី សុខ វរល័ក្ខណ ព្រោះអីយើងមើលជាក់ស្ដែងកម្រិតបច្ចេកទេសរបស់គាត់អាចឈានទៅរកការទទួលបានមេដាយបានសម្រាប់កម្រិតសាកលវិទ្យាល័យអាស៊ានលើកទី២១នេះ»។ នេះជាការបន្ថែមរបស់លោកអគ្គលេខាធិការ។ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ានសហព័ន្ធខ្មែរកីឡាហែលទឹកធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងកាលឆ្នាំ១៩៩៩ ដែលកាលនោះលោក ហែម គីរី នេះឯងជាកីឡាករឆ្នើមរបស់កម្ពុជាដែលប្រជែងបាន ហើយតាំងពីពេលនោះដល់បច្ចុប្បន្នមិនទាន់មានកីឡាករហែលទឹករូបណាធ្វើបានឡើយ។

ក្រោយការប្រកួតបច្ចេកទេសលទ្ធផលគឺ
លេខ១ សាកលវិទ្យាល័យវេស្ទើនភ្នំពេញ ទទួលបានមេដាយមាស៦ ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង
លេខ២ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ទទួលបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ៤
លេខ៣ វិទ្យាស្ថាន ខេមអេដ ទទួលបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២
លេខ៤ សាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៣
លេខ៥ សាកលវិទ្យាល័យវេស្ទើនកំពង់ចាម ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៤គ្រឿង ៕

You might also like