សហព័ន្ធប៊ូលីងកម្ពុជារៀបចំការប្រកួតសប្បុរសធម៌ រកថវិកាជួយដល់អត្តលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា ចុងខែមិថុនានេះ

Detail Top Banner

សហព័ន្ធកីឡាប៊ូលីងកម្ពុជាបានរៀបចំការប្រកួកីឡាប៊ូលីងសប្បុរសធម៌មួយ ដើម្បីស្វែងរកការគាំទ្រជាសម្ភារ ថវិកាជួយឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីពិការកម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ ដោយមាន៩ប្រទេសចូលរួមប្រកួត។

លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជាគូសបញ្ជាក់ថា ការប្រកួតសប្បុរសធម៌ ដែលបានធ្វើឡើនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញមានការចូលរួមពីធនាគារ និងក្រុមហ៊ុនជាដៃគូមួយចំនួន ដើម្បីប្រមែលប្រមូលថវិកាគាំទ្រនានាជួយដល់អត្តពលិកពិការកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) ជាលើកដំបូង ដោយមាន៩ប្រទេសទេស នាខែពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល។

លោក ឆាយ កៀក គូសបញ្ជាក់ថា កម្មវិធីប្រកួតសប្បរសធម៌នេះ បានបង្ហាញពីការចែករំលែកសេចក្តីស្រឡាញ់ សេចក្តីល្អរបស់ធនាគារ និងក្រុមហ៊ុនចូលរួមនានា ដើម្បីរួមចំណែកគ្នាជាមួយសហព័ន្ធកីឡាប៊ូលីងកម្ពុជា ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតនាចុងខែមិថុនា ឆ្នាំ២០២៤នេះ។ សហព័ន្ធក៏បានអំពាវនាវដល់ក្រុមហ៊ុននានាជួយឧត្ថម្ភជាសម្ភារ និងថវិកាបន្ថែមទៀត ដើម្បីទទួលបានថវិកាកាន់តែច្រើន ជួយដល់អត្តពលិកពិការកម្ពុជា ដើម្បីឱ្យដំណើរការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូងនេះទទួលបានជោគជ័យ។

គោលបំណងសំខាន់នៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ នៅកម្ពុជា ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ គឺដើម្បីផ្តល់ឱកាស និងលើកស្ទួយដល់កីឡាករ កីឡាការិនីពិការមកពីបណ្តាប្រទេសនានា ជាពិសេសកីឡាករ កីឡាការិនីពិការកម្ពុជាបានចូលរួមប្រកួតបង្ហាញពីសមត្ថភាព និងលើកទឹកចិត្តដល់ពួកគាត់ឱ្យមានក្តីសង្ឃឹមក្នុងជីវិត ក៏ដូចជាបានចូលរួមក្នុងសង្គមជាតិផងដែរ។ បើទោះបីជាពួកគាត់ពិការក្តី ក៏ពួកគាត់អាចចូលរួមលេងកីឡាលើឆាកជាតិ និងអន្តរជាតិបានដែរ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីពិការកម្ពុជាចំនួន២០នាក់កំពុងហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនេះ ដោយនៅជិតព្រឹត្តិការណ៍ចូលមកដល់គ្រូបង្វឹកនៃសហព័ន្ធជ្រើសរើសធនធានឆ្នើមៗក្នុងចំនួន ៨ទៅ១០នាក់ ដើម្បីត្រៀមការប្រកួតជាមួយកីឡាករ កីឡាការិនីពិការមកពីបណ្តាប្រទេសផ្សេងៗទៀត។ ចំពោះប្រទេស ដែលបានចុះឈ្មោះត្រៀមបញ្ជូនអត្តពលិកមានពិការភាពរបស់ខ្លូនចូលរួមប្រកួតនៅកម្ពុជា រួមមាន៖ សាធារណរដ្ឋកូរ៉េ, ហុងកុង-សៀងហៃ នៃប្រទេសចិន, ជប៉ុន, សាធារណរដ្ឋឆេក, ហ្វីលីពីន, ថៃ, ឥណ្ឌា, ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដោយមានអត្តពលិកពិការសរុប ប្រមាណ ១០០នាក់ និងមន្ត្រីប្រមាណ ៣០នាក់ផ្សេងទៀត៕

You might also like