ប្រតិភូកីឡាទូកនាគកម្ពុជាចេញទៅប្រកួតទូគនាគអន្តរជាតិនៅប្រទេសចិន
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប២៨នាក់បានចាកចេញពីមាតុប្រទេស តាមជើងហោះហើរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅចូលរួមប្រកួតកីឡាទូកនាគអន្តរជាតិ នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៨-១០ ខែមិថុនា ឆ្នាំ២០២៤។
លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាគូសបញ្ជាក់ថា ការចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាទូកនាគអន្តរជាតិនេះ កម្ពុជាត្រូវប្រកួតលើ១វិញ្ញាសា គឺវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ៥០០ម៉ែត្រ ចំណុះ ២២នាក់។ គ្រូជំនួយជម្រើសជាតិរូបនេះបន្ថែមថា ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀម គឺសិទ្ធផលរបស់កីឡាករមានលក្ខណៈល្អប្រសើរ ហើយសម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិទូកនាគកម្ពុជាប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឱ្យបាននូវលទ្ធផលល្អប្រសើរ ជាពិសេសគឺក្តីរំពឹងក្នុងការដណ្តើមមេដាយកម្រិតណាមួយ យកមកជូនជាតិមាតុភូមិរបស់ខ្លួន។
លោក គង់ សុភាព គូសបញ្ជាក់បន្ថែមថា តាមរយៈការចូលរួមប្រកួតនេះ ក្រុមជម្រើសជាតិទូកនាគកម្ពុជានឹងអាចដកស្រង់បច្ចេកទេស បទពិសោធន៍ ហើយថែមទាំងអាចរិតចំណងសាមគ្គីភាព មិត្តភាពជាមួយប្រតិភូកីឡាមកពីប្រទេសផ្សេងៗបានក្នុងពេលជាមួយគ្នាផងដែរ។ ក្រៅពីការប្រឹងប្រែងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសចិនលើកនេះ ក៏ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃទៀតផង។ លោកសង្កត់ធ្ងន់ថា ការប្រកួតទូគនាគអន្តរជាតិ នៅប្រទេសចិន លើកនេះ គឺជាការប្រកួតកម្រិតខ្ពស់មួយ ដែលមានក្រុមកីឡាករមកពីបណ្តាប្រទេសនានា ក្នុងអាស៊ី និងមកពីតំបន់អឺរ៉ុបផងដែរ។ អ្វីដែលខ្វះខាត ក្នុងការប្រកួតនេះ យើងនឹងយកមកកែសម្រួលបន្ថែម ដើម្បីពង្រឹងគុណភាពកីឡាករទូកនាគឱ្យបានបន្ថែមទៀត។ ការចេញទៅចូលរួមប្រកួតលើកនេះ ទទួលបានការអនុញ្ញាតជាគោលការណ៍ និងការឧបត្ថម្ភថវិកាពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។
គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទូកនាគកម្ពុជាមានចំនួនសរុប២៨នាក់ ដឹកនាំលោកវរសេនីយ៍ទោ វ៉ា គ្រី អគ្គលេខាធិការង សហព័ន្ធទទួលបន្ទុកជាប្រធានប្រតិភូ, កញ្ញា មាស តឿ, កញ្ញា សួង ចាន់តូរ៉ាទី ជាអនុប្រធានប្រតិភូ និងកញ្ញា គួយ ស៊ីងឡេង មន្ត្រីសម្របសម្រួល និងគ្រូបង្វឹក លោក Naing Naing Htoo ជាគ្រូបង្វឹក អមដោយគ្រូជំនួយ លោក គង់ សុភាព៕