គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ WT ​ពន្យល់​ពី​ផល​វិជ្ជមាន​សម្រាប់​ការ​ប្រកួត 2024 Korean Ambassador’s Cup Taekwondo Competition

Detail Top Banner

លោក ឆយ យ៉ុង​សុក គ្រូ​បង្វឹក​​​តេក្វាន់ដូ​ WT ​ជម្រើស​ជាតិ​កម្ពុជា​​ពន្យល់​ពី​ផល​វិជ្ជមាន​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ 2024 Korean Ambassador’s Cup Taekwondo Competition ​ដែល​បាន​បិទ​បញ្ចប់​កាល​ពី​ល្ងាច​​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​​​ពហុ​កីឡដ្ឋាន​ជាតិ​​​។

​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា «​វា​ជា​ផល​ល្អ​មួយ​សម្រាប់​​ការ​បណ្ដុះ​បណ្ដាល​យុវជន​​របស់​យើង​ ពិសេស​បង្កើន​ស្មារតី​ស្រលាញ់​កីឡា​តេក្វាន់ដូ WT ​ដល់​កុមារ​តូច​ៗ​ឲ្យ​​បាន​កាន់​តែ​ច្រើន​។ ​តាម​ការ​កត់​សម្គាល់​លោក​មើល​យើង​​ឃើញ​ថា ឆ្នាំ​នេះ​សន្ទុះ​នៃ​ការ​ចូលរួម​របស់​ក្មេង​ៗ​តូច​មាន​ច្រើន ដែល​វា​ជា​ផល​​វិជ្ជមាន​​មួយ​ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​សម្រាប់​ឆ្នាំ​២០២៩ ដែល​កម្ពុជា​នឹ​ង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​យុវជន​ជើងឯក​អាស៊ី»​​។

​លោក​បាន​ពន្យល់​បន្ថែម​ទៀត​ថា​​ «​ឆ្នាំ​នេះ​កីឡាករ-​កីឡាការិនី​យើង​​​មាន​ការ​ចូលរួម​ច្រើន​ទាំង​ក្មេង​ និង​​យុវជន ហើយ​ក្មេង​ៗ​យើង​ឆ្នាំ​នេះ​​មាន​ការ​ចូលរួម​ច្រើន ទាំង​នេះ​ដោយ​សារ​តែ​ផែនការ​យើង​គឺ​​ព្យាយាម​ពង្រឹង​ក្មេង​ៗ​ឲ្យ​បាន​ច្រើន​ ព្រោះ​អី​យើង​មាន​ការ​ប្រកួត​ច្រើន​មុន​ពេល​​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ី​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​ចាប់ផ្ដើម​ ​យើង​មើល​ឃើញ​​ថា​មាន​ការ​ប្រកួត​ច្រើន​គឺ​​ស៊ីហ្គេម​២ដង​ និង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​អាស៊ីអាគ្នេយ៍​មាន​ច្រើន​ដង​ទៀត។ យើង​មើល​ឃើញ​ថា​ឆ្នាំ​នេះ​សន្ទុះ​នៃ​ការ​ចូលរួម​​មាន​ការ​កើន​ឡើង​រហូត​ដល់​ជិត​៣០០​នាក់​ដែល​ដែល​វា​ជា​សញ្ញា​មួយ​ល្អ​មែន​ទែន​ ខណៈ​ដែល​​ឆ្នាំ​កន្លង​យើង​មាន​ត្រឹម​តែ​ជាង​១០០​នាក់​ទេ»។

​សូម​បញ្ជាក់​ថា ការ​ប្រកួត 2024 Korean Ambassador’s Cup Taekwondo Competition គឺ​មានប្រតិភគ្រូបង្វឹក​៣៤​នាក់​​កីឡាករ​១៤០ និង​កីឡា​ការិនី ១២២​ ដោយ​ក្នុង​នោះ​មក​ពី​តាម​បណ្ដា​ក្លិប​ និង​សាលា​ គ្រឹះស្ថាន​សិក្សា​សរុប​ចំនួន ២២ ​ដោយ​ធ្វើ​ការ​ប្រកួត​ចំនួន​១​ថ្ងៃ​ពេញ​គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​អាគារ​ប៊ូយុង​របស់​ខេមរៈ​សហព័ន្ធ​​តេក្វាន់ដូ​ WT ៕

You might also like