លោកឧកញ៉ា សៅ សេងហាក់ប្តេជ្ញាបន្តដឹកនាំ និងជួយជ្រោង ហាប់គីដូ ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន
លោកឧកញ៉ា សៅ សេងហាក់ បានជាប់ឆ្នោតបន្តអាណត្តិថ្មីទី៧ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។
- តាមរយៈការប្តេជ្ញាចិត្តរបស់លោកឧកញ៉ាប្រធាន ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ទី៨ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ការប្តេជ្ញាចិត្តសំខាន់ៗចំនួន៤របស់លោកឧកញ៉ា សៅ សេងហាក់ រួមមាន៖ ១.យើងខ្ញុំសូមប្ដេជ្ញាចិត្តនឹងរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។ ២.ប្តេជ្ញានឹងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឱ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។ ៣.សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ។ ៤.សហព័ន្ធនឹងពង្រីកវិសាលភាពឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅប្រទេសឱ្យបានច្រើនតាមដែលលទ្ធិភាពដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជារបស់យើងឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ប្រធានសហព័ន្ធក៏បានបង្ហាញក្តីរីករាយ ដែលអង្គមហាសន្និបាតបានអនុម័តដោយអនុញ្ញាតដល់រូបលោកធ្វើ ជាប្រធានដឹកនាំអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបានបោះឆ្នោតផ្ដល់ទំនុកចិត្តជាថ្មី សម្រាប់បន្តដឹកនាំគណៈកម្មាធិការប្រតិបត្តិសម្រាប់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ ។ នៅក្នុងអាណត្តិទី៧ កន្លងមកនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរ កីឡាហាប់គីដូបានខិតខំប្រឹងប្រែងរៀបចំ និងធ្វើសកម្មភាពនានាជាច្រើន ទាំងផ្នែករដ្ឋបាល ទាំងផ្នែកបច្ចេកទេស ដោយអនុវត្តទៅតាមគោលការណ៍ និងការណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។ ជាមួយគ្នានេះ យើងក៏សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទនៈផងដែរ។អង្គមហាសន្និបាតទទួលបានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ជាមួយគ្នានេះ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងក្នុងនាមតំណាងអគ្គនាយកដ្ឋានកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអភិវឌ្ឍរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ។ លោកគូសបញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធកីឡាជាតិមានចំនួនសរុប៦០ ហើយក្នុងនោះមានសហព័ន្ធកីឡាជាតិចំនួន៤៨ ដែលទទួលបានកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការអភិវឌ្ឍ។ ដោយឡែកសម្រាប់ប្រភេទកីឡាហាប់គីដូ គឺមិនទាន់ទទួលបានកញ្ចប់ថវិកាអភិវឌ្ឍន៍ប្រចាំឆ្នាំនៅឡើយ។ ក្នុងអាណត្តិបន្តនេះ លោកក៏ស្នើឱ្យសហព័ន្ធហាប់គីដូស្នើសុំកញ្ចប់ថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងអប់រំនឹងពិនិត្យពិចារណា និងស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។គួរបញ្ជាក់ថា សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ រួមមាន៖ លោកឧកញ៉ា សៅ សេងហាក់ ប្រធាន អមដោយអនុប្រធាន៥រូប គឺឯកឧត្តម ជា បូរ៉ា, លោកឧត្តមសេនីយ៍ត្រី ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា។ លោកវរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ អមដោយអគ្គលេខាធិការង២រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ដែលមានចំនួនសរុប ១៥រូប៕