ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ត្រៀមទទួលស្វាគមន៍ អត្តពលិកគ្រប់ជាតិសាសន៍យ៉ាងកក់ក្តៅ
ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ គ្រោងរៀបចំនាអំឡុងដើមខែសីហា ខាងមុខ គណៈកម្មការបានត្រៀមរួចជាស្រេច ដើម្បីទទួលស្វាគមន៍ អត្តពលិកមកពីបណ្តាលប្រទេសជុំវិញពិភពលោក គ្រប់ជាតិសាសន៍យ៉ាងកក់ក្តៅ នៅលើទឹកដីអច្ឆរិយដ៏ស្រស់ផូផង់ នាក្រុងអង្គរខេត្តសៀមរាប ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងសន្និសិទសារព័ត៌មាន នៅអគារគណកម្មការជាតិ NOCC នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា
ព្រឹត្តិការណ៍រត់ប្រណាំងនៅលើទឹកដី អង្គរខេត្តសៀមរាប ដែលប្រពឹត្តទៅនៅ ដើមខែសីហាខាងមុខ រៀបចំឡើងក្នុងគោលបំណងជំរុញ និងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ នៅជុំវិញពិភពលោក អោយចាប់អារម្មណ៍ងាកមកកម្សាន្ត នៅប្រទេសកម្ពុជា ខណៈរយៈពេលចុងក្រោយ បើទោះជាស្បើយកូវីដ១៩ ក៏ពិតមែន តែភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកកំសាន្តប្រទេសកម្ពុជា មិនទាន់ផុសផុលដូចមុនជំនាន់កូវីដនៅឡើយនោះទេ ។ លោកបន្តថា ចំណុចសំខាន់ទៀតនោះ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជួយដល់ការងារមនុស្សធម៌ទៀតផង ដោយមិនមែនធ្វើអាជីវកម្មឡើយ ព្រោះថវិការកបានទិវេប្រណាំង រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ រាល់ឆ្នាំទៅជួយអង្គការ មនុស្សធម៌ជាច្រើន នៅក្នុងប្រទេសកម្ពុជា ។ លោក វ៉ាត់ ចំរើន បញ្ជាក់អោយដឹងថា គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមរត់បានប្រមាណជាង ១៣៧៦ នាក់ ដោយលោកមានក្តីសង្ឃឹម ទំរាំដល់ពេលការប្រកួតឈានចូលមកដល់អាចមានការកើនឡើង អ្នកចុះឈ្មោះដល់ជាង ២០០០ ទៅ ៣០០០ នាក់ ។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ គ្រោងរៀបចំនាអំឡុងថ្ងៃអាទិត្រ ទី៤ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដោយគណៈកម្មការរៀបចំការប្រកួតបានរៀបចំ៤ប្រភេទវិញ្ញាសារ អោយកីឡាករ-កីឡាការិនី ប្រកួតប្រជែង មានដូចជា ៖ រត់ចម្ងាយ ៤២ គីឡូម៉ែត្រ រត់ចម្ងាយ ២១ គីឡូម៉ែត្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣ គីឡូម៉ែត្រ៕