ប្រតិភូ គ្រូបង្វឹក និងកីឡាករ ៤រូបត្រៀមចូលរួមការប្រកួតជើងឯកកីឡាកាយវប្បកម្មទ្វីបអាស៊ីលើកទី៥៦ នៅឥណ្ឌូនេស៊ី

Detail Top Banner

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក និងកីឡាករកាយវប្បកម្មចំនួន ៤ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី (56TH ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) លើកទី៥៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបាតា ប្រទេស ឥណ្ឌូនេស៊ី។


លោក តឹក ប៊ុនវី ប្រធានសហព័ន្ធ និងចៅក្រមអន្តរជាតិ បានប្រាប់ឲ្យដឹងតាមប្រព័ន្ធទំនាក់ទំនងអនឡាញឲ្យដឹងថា សហព័ន្ធបានដាក់លិខិតគោរពជូនលោក បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងអប់រំ យុវជន និងកីឡា រួចហើយអមជាមួយលិខិតអញ្ជើញរបស់សហព័ន្ធ កីឡាកាយវប្បកម្មនិងលំហាត់ប្រាណអាស៊ី (ABBF)។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គោរពស្នើសុំជា គោលការណ៍បញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូប ទៅចូលរួមការ ប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ី (56TH ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) លើកទី៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅបាតា ប្រទេស ឥណ្ឌូនេស៊ី។
លោកប្រធានបានបន្តថា សហព័ន្ធនឹងបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករកាយវប្បកម្ម ចំនួន២រូបរួមមានរូបលោកជា ប្រតិភូ ចៅក្រមអន្តរជាតិ លោកស្រីអេមី សារីរ៉ុម (USA) គ្រូបង្វឹក កីឡាករ ស្រ៊ិន រាជ្យ និងកីឡាករ ឃូ ឃាងហ៊ុយ។


ក្នុងការចូលរួមប្រកួតនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួលរ៉ាប់រងលើថ្លៃធ្វើ ដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការក្នុងអំឡុងពេលប្រកួតទំាងអស់។កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើកវិញ្ញសា ( Men’s sport physique up to 180cm) និងកីឡាករ ឃូ ឃាងហ៊ុយ ប្រកួតលើកវិញ្ញសា ( Men’s sport physique over 180cm)។
បញ្ជាក់ថា ព្រឹត្តិការណ៍កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។ ក្រុមកីឡាករកីឡាកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់ចំនួន ២ គ្រឿង និងពានកីឡាករឆ្នើមចំនួន ២ ទៀត ៕

You might also like