សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាលជាង៨រយនាក់ ចូលរួមទិវាអាស៊ានហាត់ប្រាណ ដើម្បីសុខភាពឆ្នាំ២០២៤
ខេត្តកណ្តាល ៖ ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” ឆ្នាំ២០២៤ ក្រោមប្រធានបទ “ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត” មានការចូលរួម យ៉ាងផុស ផុលពី សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីរាជការជុំវិញខេត្តកណ្តាលសរុបជាង៨០០នាក់ ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងឱកាសឡើងថ្លែងរបាយការណ៍ ក្នុងទិវាកីឡាអាស៊ាន ខាងលើ ដែលបានរៀបចំនាព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងបណ្តោយផ្លូវមាត់ទន្លេ ក្នុងក្រុងតាខ្មៅ។
លោកប៉ែន វុទ្ធី បញ្ជាក់ថា សម្រាប់វិញ្ញាសាដាក់បញ្ចូលក្នុងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព (FitASEAN) ឆ្នាំ២០២៤នេះ មានដូចជា ៖ ធ្វើតេស្តកាយសម្បទាប្រជាជន បុរស នារី(ចំនួន ១៥០នាក់),ហាត់ប្រាណតាមចង្វាក់ភ្លេង បុរស នារី(ចំនួន ៣០០នាក់) និងរត់ចម្ងាយ ៣គីឡូម៉ែត្រ បុរស នារី (ចំនួន ៣៥០នាក់)។
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” នេះ គឺអនុវត្តផែនការអាស៊ាន ៥ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទាប្រជាជននៅក្នុងសហគមន៍អាស៊ានទាំងមូល។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាន ៥ ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល កម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
សម្រាប់ទិវាកីឡាអាស៊ាន ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមប្រធានបទ “ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត” មិនមែនជាលើកទី១នោះទេ ដែលក្រសួងអប់រំ សហការជាមួយរដ្ឋបាលខេត្តរៀបចំ ។ ដោយពេលកន្លងទៅ ទិវានេះ ក្រសួងបានសហការជាមួយរដ្ឋបាលខេត្ត នានា តែងតែរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបំផុសអោយប្រជាពលរដ្ឋចូលរួមលេងកីឡា ៕