ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល បានប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភីចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ និងការប្រកួតលក្ខណៈអន្តរជាតិនានា

Detail Top Banner

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួម ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជ័យលាភីចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ និងការប្រកួតលក្ខណៈអន្តរជាតិនានា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាពប្រធានសហព័ន្ធកីឡាជាតិ លោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយ កីឡាករ និងកីឡាការិនី។


ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និងមោទនភាព។


តាងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាពក្រោមឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អជាមួយសហព័ន្ធកីឡាជាតិ ក៏ដូចជាគ្រូបង្វឹកក្នុងការបង្ហាត់ហ្វឹកហ្វឺន កីឡាករ កីឡាការិនីកន្លងមក សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតដណ្ដើមពានរង្វាន់ ដែលជាពានរង្វាន់ពោរពេញទៅដោយអ្នកដែលមានសមត្ថភាពខ្ពស់ ដែលកម្ពុជាទទួលបានមេដាយសំរិទ្ធិ ០១គ្រឿង ពីប្រភេទកីឡាការ៉ាតេ ក្នុងការប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhenjiang សាធារណរដ្ឋប្រជាមានិតចិន ទទួលបានមេដាយ សំរឹទ្ធិ០៣គ្រឿង ពីប្រភេទកីឡាប៉េតង់ ក្នុងការប្រកួតកីឡាពិភពលោក Single, Doubles, Mixed Doubles World Championship 2023 នៅប្រទេសបេនីន និងទទួលបានមេដាយមាស ០៤គ្រឿង មេដាយប្រាក់០៥គ្រឿង និងមេដាយសំរឹទ្ធិ០២គ្រឿង ឈរលំដាប់ ថ្នាក់លេខ១ ពីប្រភេទកីឡាគុនល្បុក្កតោ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ សូមឱ្យខិតខំប្រឹងប្រែងបន្តទៀត ជាពិសេសស្នើសុំសហព័ន្ធជាតិទាំងអស់ សូមបន្តធ្វើការរៀបចំការប្រកួតក្នុងស្រុក ដើម្បីជ្រើសរើសកីឡាករ ទាំងជម្រើសជាតិ និងបណ្តុះថ្នាលយុវជនជំនាន់ក្រោយ ដែលមានសក្តានុពល ដើម្បីបណ្តុះ និងបន្តភាពជោគជ័យសម្រាប់ពេលអនាគត។ លើសពីនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមឱ្យគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍វិន័យ បង្កើតទម្លាប់ហ្វឹកហាត់ជាប្រចាំ រៀនដកស្រង់បទពិសោធ ឧត្តមានុវត្តពីប្រទេសដទៃ និងហ៊ានសាកល្បងអ្វីដែលថ្មី ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិកកម្ពុជាដោយផ្តោតលើល្បឿន ភាពរហ័សរហួន ភាពស៊ូធន់ ការកសាងកម្លាំងថាមពល និងភាពជាក់លាក់ ស្របតាមពាក្យស្លោក «ការហ្វឹកហាត់ជាប្រចាំ នាំឱ្យខ្លាំង ប្រកបដោយសក្ដានុពល!»។


សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនូវកីឡាស៊ីហ្គេម ដ៏ល្អប្រសើរនាឆ្នាំ២០២៣ កន្លងទៅនេះ និងសូមលើកទឹកចិត្តដល់អង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំងអស់ជួយបន្តរៀបចំកម្មវិធីកីឡាជាតិឱ្យបានល្អប្រសើរបន្ថែមទៀត និងសូមឱ្យមានការជួបជុំពិភាក្សា បែងចែកតួនាទីឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន ព្រោះនេះគឺជាការចូលរួមលើកទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

You might also like