មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជាទទួលបានវិញ្ញាបនបត្រអន្តរជាតិនៅចិន
ភ្នំពេញ ៖ មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា បានប្រឡងជាប់ជាស្ថាពរទាំង ២ នាក់ ដោយទទួលបានវិញ្ញាបនបត្រគ្រូបង្វឹកអន្តរជាតិនៅវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូអន្តរជាតិនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ៅ មុយចាន់នីដា តាមរយៈសារអេឡិចត្រូនិក ពីប្រទេសចិន នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។
លោកស្រី បានឲ្យដឹងថា មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូប ដែលបានប្រឡងជាប់ទទួល វិញ្ញាបនបត្រគ្រូបង្វឹកអន្តរជាតិ កីឡាវូស៊ូ រួមមាន ៖ លោកស្រី ម៉ៅ មុយចាន់នីដា ជាគ្រូបង្វឹកថាវលូ ( Taolu ) និង លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹកសាន់ដា ( Sanda ) និងជាកីឡាករជម្រើសជាតិ ។
គួរអោយដឹងថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបានបញ្ជូនមន្ត្រី ២ នាក់ចូលរួមបណ្តុះបណ្តាលវគ្គគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training រៀបចំដោយសហព័ន្ធកីឡាវូស៊ូអន្តរជាតិនៅទីក្រុង Jiangyin ខេត្ត Jiangshu សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ៕