មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូប ដែលទទួលបានវិញ្ញាបនបត្រនៅប្រទេសចិន ប្តេជ្ញាយកចំណេះដឹងមកអនុវត្តប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ ៖ មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូប ដែលបានទៅសិក្សា និងទទួលបានវិញ្ញាបនបត្រ កម្រិតគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training ដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូអន្តរជាតិ នៅសាធារណរដ្ឋប្រជាមានិតចិន បានវិលត្រលប់មកដល់មាតុភូមិកំណើតវិញហើយ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ តាមជើងហោះហើរអន្តរជាតិភ្នំពេញ បន្ទាប់ពីអាកាសធានភ្លៀងខ្លាំង បង្កអោយមានការពន្យាពេលចុះចតអស់ជាង២ម៉ោង ។
ថ្លែងប្រាប់អំឡុងពេលមកដល់មាតុភូមិកំណើត លោកស្រី ម៉ៅ មុយចាន់នីដា បានឲ្យដឹងថា មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូបបានប្រឡងជាប់ជាស្ថាពរដោយទទួលបាន វិញ្ញាបនបត្រគ្រូបង្វឹកអន្តរជាតិ កីឡាវូស៊ូ គឺលោកស្រី ម៉ៅ មុយចាន់នីដា ជាគ្រូបង្វឹកថាវលូ ( Taolu ) និង លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹកសាន់ដា ( Sanda ) និងជាកីឡាករជម្រើសជាតិ ។ លោកស្រី បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្វឹកកម្ពុជា ក្នុងការបន្ថែមចំណេះដឹងអោយកាន់តែស៊ីជម្រៅ ដើម្បីយកមកប្រើប្រាសក្នុងការអភិវឌ្ឍវិស័យកីឡាវ៉ូស៊ូនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ។ ជាមួយគ្នានោះសិក្ខាកាមជាទាំងពីររូប ដែលបានបញ្ចប់វគ្គសិក្សាកម្រិតអន្តរជាតិ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ នឹងប្រើប្រាស់ចំណេះដឹងដែលខ្លួនទទួលបាន អោយត្រូវគោលដៅ ជាពិសេសសាបព្រោះចំណេះដឹងទាំងអស់នេះ ទៅកាន់គ្រូបង្ហឹក និងកីឡាករ កីឡាការិនី វ៉ូស៊ូផ្សេងទៀត ដើម្បីរួមគ្នាជ្រោងសហព័ន្ធមួយនេះអោយកាន់តែប្រសើឡើង ។
ជម្រាប់ជូនថា សហព័ន្ធកីឡាវូស៊ូកម្ពុជាបានបញ្ជូនមន្ត្រី ២ នាក់ចូលរួមបណ្តុះបណ្តាលវគ្គគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training រៀបចំដោយសហព័ន្ធកីឡាវូស៊ូអន្តរជាតិនៅទីក្រុង Jiangyin ខេត្ត Jiangshu សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ៕