ការប្រកួតបាល់ទាត់ U12 ជាចំណែកបណ្តុះទំពាំង សម្រាប់វិស័យបាល់ទាត់កម្ពុជា នាថ្ងៃអនាគត់

Detail Top Banner

លោក និល ខណ្ឌព្រីដា ស្ថាបនិកពានរង្វាន់ U12 PTT Lubricant junior football បានលើកឡើងថា ការប្រកួតនេះ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍពន្លកយុវជនថ្នាល់ ជំនាន់ក្រោយ ដែលជាទំពាំង សម្រាប់ស្នងឬស្សី ជួយអោយវិស័យកីឡាបាល់ទាត់នៅ កម្ពុជាកាន់ តែរីកចម្រើន នាថ្ងៃអនាគត់ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មាន លោក និល ខណ្ឌព្រីដា អ្នករៀបចំការប្រកួតខាងលើបានអោយដឹង នេះជាលើកទី១ ក្នុងដំណាក់កាលដំបូង ដែលលោកបានរៀបចំ ដោយផ្តោតសំខាន់លើយុវជនថ្នាល ដើម្បីផ្តល់ឱកាសទៅកាន់ពន្លកថ្មីរបស់កម្ពុជា ដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ។លោកបន្តថា គោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះឡើង គឺដើម្បីបំផុសស្មារតីក្មេងៗអោយស្រលាញ់ចូលចិត្តលេងកីឡា ទទួលបានសុខភាពល្អ រាងកាយមាំមួន ជាពិសេសដើម្បីអោយយុវជនក្លាយជាទំពាំងស្នងឬស្សី សម្រាប់អនាគត់បាល់ទាត់នៅកម្ពុជា ។ ដោយសារការរៀបចំជាលើកដំបូង តែទទួលបានការចាប់អារម្មណ៍ ចូលរួមច្រើនពីបណ្តាលក្រុមដែលកំពុងអភិវឌ្ឍយុវជនថ្នាលច្រើន គួរអោយកត់សម្គាល់ ដូច្នេះបន្ទាប់ពីបញ្ចប់រដូវកាលដំបូងនេះ ស្ថាបនិករូបនេះ បានបង្ហើបថា លោកគ្រោងនឹងរៀបចំការប្រកួតសម្រាប់ក្មេងបែបនេះ ជាបន្តបន្ទាប់ទៀត អោយកាន់តែធំ ហើយអាចអញ្ញាតិអោយក្រុមច្រើនជាងនេះ ចូលរួមថែមទៀតផង ។

ជាមួយគ្នានោះ លោក វង្ស ដេវីន គ្រូបង្វឹកបាល់ទាត់របស់យុវជននគររាជ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលមានបណ្តាលក្រុមហ៊ុនឯកជន ងាកមកចាប់អារម្មណ៍ ចូលរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់យុវជនថ្នាលបែបនេះ ។ តាមរយៈការប្រកួតនេះ លោកជឿជាក់ថា បាល់ទាត់កម្ពុជា នឹងការមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះទំពាំងរបស់កម្ពុជាកាន់តែច្រើន សម្រាប់ស្នងឬស្សី នាថ្ងៃអនាគត់ ។

សម្រាប់ការប្រកួតបាល់ទាត់ U12 PTT Lubricant junior football បានចាប់ផ្តើមដំណើរការ ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន៤ ក្រុមយុវជនថ្នាល ៤ក្រុមចូលរួម ប្រកួតប្រជែង ក្នុងនោះមានដូចជា ៖ ក្រុមយុវជននគររាជ , យុវជនព្រះខណ្ឌរាជស្វាយរៀង , ISI Community FC និង Eagle ៕

You might also like