ក្រុមអត្តពលិកយូដូកម្ពុជាដណ្តើមបានមេដាយមាស ២ ប្រាក់ ១ និងសំរិទ្ធ៤ ទៀតនៃ THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024

Detail Top Banner

ប្រទេសថៃ ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមកីឡាករ-កីឡាការិនីយូដូកម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងទៀតហើយលើវិញ្ញាសាប្រយុទ្ធឯកជនបុរសនារីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ឆ្នាំ២០២៤ “THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024” នៅខេត្ត CHONBURI ប្រទេសថៃ។


លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងពីប្រទេសថៃថា ថ្ងៃនេះយើងដណ្តើមមេដាយចំនួន ៧ គ្រឿងហើយ គឺមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង។ កីឡាការិនី ចេង មាស ដណ្តើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៣ គីឡូក្រាម កីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ ដណ្តើមបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម និងកីឡាការិនី គុណ ស្រីនិច ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម
ចំណែកមេដាយសំរិទ្ធ៤ គ្រឿង គឺកីឡាករ ឈៀវ ឆវិន ដណ្តើមបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាការិនី កែវ វ៉ាន់ឌឿន ដណ្តើមបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម កីឡាការិនី តុន ស្រីពេជ្រ ដណ្តើមបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម និងកីឡាការិនី សេង គឹមលី ដណ្តើមបានមេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៧៨ គីឡូក្រាមឡើងវិញ។
នាពេលក្រុមគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី ៥ នាក់បានចេញដំណើរចូលរួមការប្រកួត THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ារ វង្សវិបុល បានបន្ថែមថា ខេមរសហព័ន្ធយូដូបានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីយូដូចំនួន ១២ នាក់ រួមមានលោក ម៉ារ វង្សវិបុល គ្រូបង្វឹកជម្រើសជាតិ លោក សុខ ដារ៉ា គ្រូជំនួយជម្រើសជាតិ កីឡាករ ឈៀវ ឆវិន កីឡាករ ចន្ថា សំណាង កីឡាការិនី កែវ វ៉ាន់ខឿន កីឡាការិនី តុន ស្រីពេជ្រ កីឡាការិនី គុណ ស្រីនិច កីឡាការិនី ចេង ដាលីន កីឡាការិនី សេង គឹមលី កីឡាករ ទី ជីហាវ កីឡាករ ឃុំ រតនាសិលា កីឡាករ ហ្គូឆ្លូវ វឡូឌីមៀរ៕

You might also like