លោក លន់ សាមឌី ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ឳបកម្ពុជាអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦
ភ្នំពេញ៖លោក លន់ សាមឌី កាន់តំណែងជាសហព័ន្ធកីឡាបាល់ឳបកម្ពុជាថ្មី អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបទំាងអស់បានបោះឆ្នោតឲ្យលោកអ្នកដឹកនាំថ្មី នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មពិធីមហាសន្និបាតវិសាមញ្ញអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឳកាសមហាសន្និបាត វិសាមញ្ញដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករង តំណាងឲ្យឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក ងិន សុខបញ្ញា តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ទុយ ប៉ុនហឿន អនុប្រធានប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។
លោក ដួង មាសចំរើន បានមានប្រសាសន៍លើកទឹកចិត្តប្រធានសហព័ន្ធថ្មី ត្រូវ ខិតខំប្រឹងប្រែងដើម្បីឲ្យវិស័យបាល់ឱប មានការរីកចម្រើនបន្តការ ហ្វឹកហាត់ជាប្រចាំទំាងផ្នែកចំណេះដឹង បច្ចេកទេស និងជំនាញ ក្រោយសហព័ន្ធមួយនេះ មិនមានសកម្មភាពអស់រយៈពេលជាង២ឆ្នាំក្រោមការដឹងនាំរបស់ប្រធានចាស់ ។
លោក លន់ សាមឌី ជាប្រធានថ្មី បានមានប្រសាសន៍ថា កីឡាបាល់ឳបជាប្រភេទកីឡា ជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយ ដ៏រឹងមាំក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យរាល់ការ ប្រកួតនានាទំាងជាតិ និងអន្តរជាតិ ។ សព្វថ្ងៃនេះសហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិ នានាពេលខាងមុខនេះ ។
សម្រាប់មហាសន្និបាតវិសាមញ្ញមានសមាជិកប្រតិបត្តិ ១១ រូប រួមមាន លោក លន់ សាមឌី ប្រធានថ្មីលោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ខេង សុភាព លោក ម៉ូណាំង ហ្វីលីព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ផាន សុភា លោក ចន សាមឺឌី លោក អ៊ុក ដារ៉ា អគ្គលេខាធិការរង លោក យ៉ន វ៉ាន់ថា អគ្គហិរញ្ញិក លោក អ៊ុត វុទ្ធី លោក ជ្រូ គឹមសៀង និងលោក យុន សុផា សមាជិក។