កីឡាករកីឡាការិនីទូក ង កងទ័ពជើងទឹក៩០នាក់ត្រូវបានហ្វឹកហាត់បំពាក់បំប៉នត្រៀមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នាខែ វិច្ឆិកា ឆ្នាំ២០២៤

Detail Top Banner

ភ្នំពេញ៖ កីឡាករកីឡាការិនីទូក ង នៃបញ្ជាការរដ្ឋានកងទ័ពជើងទឹកចំនួន៩០នាក់ត្រូវបានបើកវគ្គហ្វឹកហាត់បំពាក់បំប៉នអុំទូក ង ត្រៀមចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។


វគ្គបណ្តុះបណ្តាលបំពាក់បំប៉ននេះ អញ្ជើញចូលរួមបើកដោយ ឯកឧត្តម ឧត្តម នាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាង ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។


ឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក់បំប៉នកីឡាករកីឡាការិនីទូក ង ដែលជាកម្លាំងស្នូលនៃកីឡាកងទ័ពជើងទឹកត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បុណ្យប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាខែ វិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខនេះ គឺជាការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយដើម្បីឱ្យកីឡាករកីឡាការិនីមានលទ្ធភាពគ្រប់គ្រាន់ ទាំងកម្លាំងកាយ និងបច្ចេកទេស ត្រៀមដណ្តើមយកជ័យជំនះមកជូនអង្គភាព។
លោក ភី ភក្កី វិរ នាវីឯក គ្រូឧទ្ទេស ប្រចាំវគ្គហ្វឹកហាត់បំប៉នកីឡាទូក ង នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ដំណើររយៈពេលជាង៤០ថ្ងៃ ដោយមានកីឡាករកីឡាការិនីទូក ង ទាំងអស់ ត្រូវហ្វឹកហាត់កម្លាំងកាយ និងការអុំនៅក្នុងទន្លេ។ លោក វិរ នាវីឯក ភី ភក្កី បាន គូសបញ្ជាក់ទៀតថា កីឡាករកីឡាការិនីប្រមូលផ្តុំនេះ មានចំនួនសរុប៩០នាក់ កីឡាករចំណុះទូក៧៥នាក់ និងកីឡាករចំណុះទូកត្រៀមបំរ៉ុងចំនួន១៥នាក់ ហើយ ក្នុងចំណោមកីឡាករកីឡាការិនីទាំង៩០នាក់នេះ ក៏មានរួមបញ្ចូលកីឡាករកីឡាការិនីជម្រើសជាតិទូក ដែលជាកីឡាករកីឡាការិនីរបស់របស់កីឡាទ័ពជើងទឹកផងដែរ។


ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានសង្កាត់ធ្ងន់ថា កីឡាករកីឡាការិនីក្នុងនាមកងទ័ពបញ្ជាការដ្ឋានជើងទឹកត្រូវតែខិតខំប្រឹងប្រែងហ្វឹកហាត់បង្រឹងសមត្ថភាពឱ្យកាន់តែល្អប្រសើរធ្វើយ៉ាងដណ្តើមឱ្យបានលទ្ធផលល្អជូនអង្គភាព។ ឯកឧត្តម លើកឡើងទៀតថា សម្រាប់ការហ្វឹកហាត់ជាប្រចាំរបស់កីឡាករកីឡាការិនីសូមរក្សាឱ្យបាននូវការគោរពវិន័យ និងរួបរួមគ្នាជាកម្លាំងសាមគ្គីភាពតែមួយ ដើម្បីរួមរួមគ្នាជាធ្លុង់តែមួយឈានទៅដណ្តើមបានជ័យលាភីចំណាត់ល្អមក ជូនអង្គភាព។ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងគ្រូបង្វឹក សូមយកចិត្តទុកដាក់លើការហូបចុកស្នាក់នៅរបស់កីឡាករកីឡាការិនីអំឡុងពេលហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ដើម្បីមានកម្លាំងហ្វឹកហាត់និងប្រកួត។ទន្ទឹមនិងនោះ ឯកឧត្តម សូមណូមពរឱ្យកីឡាករកីឡាការិនីត្រូវមានឆន្ទៈមុះមុតគិតមុខមាត់របស់អង្គភាពជាធំប្រកួតដើម្បីឈ្នះ និងឈ្នះដើម្បីលើកកិត្តិយសអង្គភាព។ជាមួយគ្នានោះ ឯកឧត្តម ផ្តាំផ្ញើរឱ្យកីឡាករកីឡាការិនីយកចិត្តទុកដាក់រក្សាសុខភាពឱ្យបានល្អ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ។នាឱកាសនោះ ឯកឧត្តម ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានឧបត្ថម្ភថវិកាដល់កីឡាករកីឡាការិនីទូក ង ចំនួន៩០នាក់ ក្នុង១នាក់៥ម៉ឺនរៀល និងគ្រូបង្វឹក១លានរៀលផងដែរ៕

You might also like