ខេត្តកណ្តាលរៀបចំយុទ្ធសាស្ត្រ ស្តារសក្កានុពលក្រុមបាល់ទាត់នារីឡើងវិញ តាមរយៈការប្រកួតជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥

Detail Top Banner

ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស និងជម្រាបជូនព័ត៌មាននានា ជុំវិញការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លើកឡើងថា វិស័យបាល់ទាត់នារីនៅក្នុងខេត្តនេះ ពីមុនមានភាពលេចធ្លោណាស់ នឹងតែងទទួលបានជោគជ័យជាបន្តបន្ទាប់ឈានមុខគេ បើប្រៀបធៀបជាមួយបណ្តាលខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយហាក់ថយចុះវិញ គួរអោយកត់សម្គាល់ ។ ហេតុនេះដើម្បីស្តារសក្កានុពលក្រុមបាល់ទាត់នារីរបស់ខេត្តនេះមកវិញ លោកប្រធានការិយាល័យ បានណែនាំដល់ថ្នាក់ដឹកនាំក្រុម គ្រូបង្វឹក ដែលត្រៀមចូលរួមប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះឱ្យបណ្តុះស្មារតីដល់កីឡាករ កីឡាការិនីខេត្តកណ្តាលឱ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឱ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឱ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

លោកថា ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។


បន្ថែមពីលើនេះ លោក ពៅ វណ្ណា ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹក និងតំណាងក្រុមទាំងអស់បន្តអប់រំផ្សព្វផ្សាយដល់កីឡាករ កីឡាការិនីវ័យក្មេងៗឱ្យដុសខាត់សមត្ថភាពលើប្រភេទកីឡាបាល់ទាត់ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀតបានល្អប្រសើរ ដើម្បីឱ្យក្លាយជាធនធានឆ្នើមៗចូលរួមជាមួយសហព័ន្ធបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាផ្សេងៗទៀត ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ខាងមុខ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ កន្លងទៅ។

លោក ពៅ វណ្ណា បន្ថែមថា ការហ្វឹកហាត់ក្នុងវិស័យកីឡា ប្រៀបបាននឹងការអប់រំរៀនសូត្រ នៅក្នុងសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឱ្យកីឡាករ កីឡាការិនីឱ្យមានគុណភាពបច្ចេកទេស និងឱ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕

You might also like