អនុប្រធាន CADA ចែករំលែកចំណេះដឹង ផ្តោតលើការគោរពច្បាប់ប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងវិស័យកីឡា

Detail Top Banner

ភ្នំពេញ៖ លោក ព្រំ វណ្ណារឿន, អនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA), បានឲ្យដឹងថា ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាគឺជាបញ្ហាដែលអាចប៉ះពាល់ដល់កិត្តិយស និងអនាគតកីឡាករនៅកម្ពុជា។

លោកបានបញ្ជាក់ថា កីឡាករទាំងអស់ មិនថាកីឡាករអាជីព, កីឡាករជម្រើសជាតិ, កីឡាករអន្តរជាតិ ឬកីឡាករលេងសប្បាយទេ, ត្រូវតែគោរពច្បាប់ និងក្រមសីលធម៌ក្នុងការប្រកួត។ “កីឡាបច្ចុប្បន្នមិនមែនត្រឹមតែការលេងសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក្លាយជាមុខរបរមួយ ដែលទាមទារការគោរពច្បាប់ និងវិធានការរបស់អង្គការអន្តរជាតិ,” លោកបានលើកឡើងដូច្នេះ ក្នុងឱកាសដែលត្រូវបាន សហព័ន្ធកីឡា កាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា អញ្ជើញលោកមកធ្វើជាគ្រូឧទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម ថ្នាក់មូលដ្ឋាន ជំនាន់ទី៣ ដែលបានចំរៀបចំឡើងក្នុងទីស្នាក់ការសហព័ន្ធ ។


លោក ព្រំ វណ្ណារឿន បានសង្កត់ធ្ងន់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមជាង 200 ប្រទេស ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ក្នុងការប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។ “យើងត្រូវស្វែងយល់ និងអនុវត្តតាមបទបញ្ជា ដើម្បីការពារកិត្តិយសរបស់ប្រទេស,” ។ លោក ព្រំ វណ្ណារឿន បានបន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្ម នាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្ម នៅកម្ពុជា។ លោកបានបញ្ចប់ថា ការអប់រំ និងការជៀសវាងសារធាតុ Doping គឺជាចំណុចសំខាន់ក្នុងការបង្កើតកីឡាករដែលមានស្មារតីយុត្តិធម៌ និងធ្វើឲ្យប្រទេសកម្ពុជាបានលទ្ធផលល្អនៅក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

លោកបានអំពាវនាវឲ្យកីឡាករនៅគ្រប់កម្រិត ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុហាមឃាត់ និងលើកកម្ពស់ស្មារតីកីឡាករដោយលេងដោយយុត្តិធម៌។ “កិត្តិយសនៃកីឡា គឺការឈ្នះដោយស្មោះត្រង់, មិនមែនដោយការប្រើប្រាស់សារធាតុហាមឃាត់,” ។

លោកស្រី អេមី, អគ្គលេខាធិការ សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា, បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយបង្ហាញពី ផលប៉ះពាល់របស់សារធាតុ Doping និងវិធីសាស្រ្តល្អបំផុតក្នុងការជៀសវាង។លោកស្រីបានបន្តថា វគ្គសិក្សានេះជាលើកដំបូងសម្រាប់សហព័ន្ធ, ដូច្នេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងជាក់ស្តែង ដើម្បីអាចគោរព និងអនុវត្តច្បាប់ប្រឆាំងនឹង Doping នៅក្នុងវិស័យកីឡា។


វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ ២០២៥ នៅទីស្នាក់ការសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅ ផ្សារសំណង់ ១២។ វគ្គនេះមានសិក្ខាកាមចូលរួមសរុប ៣០ នាក់, ក្នុងនោះមាននារី ២ នាក់ មកពីបណ្តាក្លឹបជាសមាជិក។

You might also like