កម្ពុជាគ្រោងយកខេត្តសៀមរាប ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព្រ័ត្រកម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង

Detail Top Banner

ព្រះសីហនុ ៖ ថ្លែងក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសាឆ្នេរខ្សាច់ លើកទី១ នាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធ​កីឡា​ទាញ​ព័ត្រ​កម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្រោងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទាញព្រ័ត្រកម្រិតអាស៊ីអាគ្នេយ៍ ជា​លើក​ដំបូង ដោយជ្រើសរើសទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០២៣ ខាង​មុខ​នេះ។

ឯកឧត្តម មាស សារិន បន្ថែមថា វិញ្ញាសាដែលកម្ពុជាគ្រោងដាក់អោយប្រកួតប្រជែងនោះ គឺវិញ្ញាសា​ជា​ក្រុម ៨នាក់ទល់៨នាក់ បុរស/នារី , ៨នាក់ទល់៨នាក់ចម្រុះ, ៤នាក់ទល់៤នាក់ បុរស/នារី , ២នាក់​ទល់​២​នាក់ បុរស/នារី និងបន្ថែមវិញ្ញាសាឯកត្តជន បុរស/នារី។ ឯកឧត្តមប្រធានសហព័ន្ធបន្តទៀតថា ចំពោះ​វិញ្ញា​សាឯកត្តជន គឺត្រូវយកទម្ងន់សរុប ៦០០ ឬ៦២០​គីឡូ​ក្រាម វិញ្ញាសា ៨នាក់ទល់៨នាក់ បុរស/នារី ចែកនឹង៨ ដោយជ្រើសរើស​យក​ទម្ងន់​គោល​ណាមួយ ដើម្បី​ដាក់​អោយប្រកួតប្រជែង។ បន្ទាប់មក យើងយកទម្ងន់ដែលធ្ងន់ជាងគេ និងសា្រលជាងគេក្នុងចំណោម​៨នាក់ ទាំងបុរស/នារី ២វិញ្ញាសាទៀត។

ឯកឧត្តម មាស សារិន បញ្ជាក់បន្ថែមថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតអោយបាន២ដងទៀត ដោយជ្រើសរើសយកខេត្តសៀមរាប ប្រកួតវិញ្ញាសាក្រៅសាល និងខេត្តបាត់ដំបង សម្រាប់វិញ្ញាសាក្នុងសាល ដើម្បីជម្រុញវិញ្ញាសាក្រុម និងឯកត្តជន អោយកាន់តែមានសក្តានុពល មុននឹងធ្វើជាម្ចាស់ការប្រកួតកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ នៅសៀមរាប។

សូមបញ្ជាក់ថា កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព័ត្រជើងឯកអាស៊ីអាគ្នេយ៍ ជា​លើក​ដំបូង នាដើមឆ្នាំ២០២៣ នៅទីលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប មុនព្រឹត្តការណ៍​កីឡាស៊ី​ហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា៕

You might also like