សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភានិងលើកទិសដៅបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៥ សហព័ន្ធកីឡាទូកកានូ និងរ៉ូងអ៊ីងកម្ពុជា ដឹកនាំដោយ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធានសហព័ន្ធកីឡាសហព័ន្ធកានូនិងរ៉ូអ៊ីងកម្ពុជា បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារ បន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ដែលជាគណះកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីង រាជធានីខេត្ត ដែលមានមាសភាព ឯកឧត្តម អភិបាលរង ជំទាវ អភិបាលរង តំណាងឱ្យឯកឧត្តមអភិបាលទាំង២៥ រាជធានីខេត្ត និងក្រសួង។
កិច្ចប្រជុំប្រចាំខែ ត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដែលអនុវត្តតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដើម្បីជជែកពិភាក្សារកគន្លឹះដែលជាដំណោះស្រាយឈានទៅរកការសម្រេចបាននូវលទ្ធផលការងារល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលសហព័ន្ធកំពុងរាំងស្ទះ ក្នុងការអភិវឌ្ឍឈានទៅរកចំណុចខ្លាំងសម្រាប់ការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។
បន្ទាប់ពីស្តាប់របាយការណ៍ របស់ កញ្ញា មាសតឿ អគ្គហេរញ្ញិកលើកឡើងអំពីចំណូលចំណាយ និង លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លើកឡើងអំពីផែនការសម្រេចអនុវត្តបានកន្លងមក និងទិសដៅបន្តសម្រាប់ខែ មិថុនា រួចមក។
ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ ទទួលបន្ទុកដឹកនាំកិច្ចការរួមរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំខែនេះ គឺជជែកពិភក្សាគ្នាលើកយកតែចំណុចសំខាន់ៗប៉ុណ្ណោះ ដើម្បីទទួលយកនូវធាតុចូ យកមកអនុវត្តការងារ និងអភិវឌ្ឍឱ្យកាន់តែរីកចម្រើន។
សម្រាប់ទិសដៅការងារបន្តក្នុងខែ មិថុនានេះ គឺឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធ បានលើកយកនូវការស្នើសុំបន្ថែមកីឡាករកីឡាការិនីបំរ៉ុងជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ខណៈដែលក្រុមជម្រើសជាតិបច្ចុប្បន្ន ដែលផ្តល់ជូនដោយក្រសួងអប់រំយុវជន និងកីឡាមានតែ២៦រូបប៉ុណ្ណោះ ដែលចំនួននេះ មិនទាន់គ្រប់គ្រាន់នូវឡើយ ត្បិតជម្រើសជាតិ២៦នាក់ មានការបែងចែកហ្វឹកហាត់ទៅតាមប្រភេទទទូកផ្សេងៗគ្នា មានទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ខណៈសហព័ន្ធត្រូវការកីឡាករ កីឡាការិនីបំរ៉ុងបន្ថែមចំនួន១០នាក់ទៀត ។ជាការឆ្លើយតប ឯកឧត្តម សរ សិទ្ធិ នឹងនាំយកការស្នើសុំនេះ បញ្ជូនទៅកាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ ដើម្បីពិនិត្យលើការស្នើសុំនេះ។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម សរ សិទ្ធិ បានស្នើសុំទៅកាន់ ឯកឧត្តម មាស សារិន កីឡាករកីឡាការិនីបំរ៉ុង ដែលបានស្នើសុំបន្ថែមចំនួន១០នាក់នេះ ប្រសិនបើមានការឯកភាពពីប្រធានសហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិតរួចរាល់ សូមអោយពិនិត្យជ្រើសរេីសកីឡាករកីឡាការិនីឱ្យបានម៉ត់ចត់រើសយកតែគុណភាព ព្រោះការចេញទៅប្រកួតនៅស៊ីហ្គេមយើងចង់បានជ័យជម្នះត្រឡប់មកឱ្យប្រទេសយើង។ក្នុងឱកាសនោះដែរ ឯកឧត្តម សរ សិទ្ធិ បានលើកឡើងនូវអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត សូមរៀបចំនូវឯកសារប្រវត្តិនៃការកកើត របស់សហព័ន្ធកីឡាទូក ដើម្បីចងក្រងជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ។បន្ថែមលើនេះ ឯកឧត្តម អនុប្រធានទី២ បានជំរុញឱ្យថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកហ្វឹកហាត់របស់កីឡាករកីឡាការិនីជម្រើសជាតិ សូមយកចិត្តទុកដាក់ខ្ពស់ ណែនាំដល់គ្រូបង្វឹកឱ្យរឹតបន្តឹងវិន័យ និងការហ្វឹកហាត់របស់កីឡាករកីឡាការិនីឱ្យបានរឹងមាំ ពិសេស គឺយកទុកដាក់ចំពោះចំណីអាហារ និងសុខភាព ។ កក្តាទាំងអស់នេះហើយ ទើបធ្វើឱ្យកីឡាករកីឡាការិនី មានសុខភាពល្អរឹងមាំ មានសាមគ្គីភាពក្នុងក្រុមល្អ និងមានបច្ចេកទេសខ្ពស់ ប្រកួតនាំយកនូវភាពជោគជ័យជូនដល់ កម្ពុជា៕