លោក ហែម គីរី ៖ សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងពិភាក្សាគ្នា នាំយកគ្រូបង្វឹកពីសិង្ហបុរីមកបង្ហាត់បាល់ទឹក ដើម្បីពង្រឹងគុណភាពស្វែងរកមេដាយ ពីស៊ីហ្គេម ២០២៣

Detail Top Banner

បាល់ទឹក ឬ Water Polo ជាវិញ្ញាសាថ្មីមួយកំពុងមានប្រជាប្រិយភាពរបស់កម្ពុជា ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់បានលើកឡើង និងជម្រុញអោយក្លឹប និងសមាគមកីឡាហែលទឹក អោយចាប់ផ្តើមស្វែងរកកីឡាករហ្វឹកហាត់ ។

បើតាមការបញ្ជាក់របស់លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តាមបណ្តាញសង្គម តេឡេក្រាម បានអោយដឹងថា ដោយសារតែមានការគាំទ្រ សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងពិភាក្សាគ្នា ក្នុងការនាំចូលគ្រូបង្វឹកពីសិង្ហបុរីមកជួយបង្ហាត់បាល់ទឹក ដើម្បីពង្រឹងគុណភាពស្វែងរកមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ដោយសារវិញ្ញាសាបាល់ទឹកនេះ គឺថ្មីសម្រាប់កម្ពុជា ។


លោកអគ្គលេខាធិការ បន្ថែមទៀតថា ដំបូងសហព័ន្ធមានគម្រោងបញ្ជូនកីឡាករ កីឡាការិនីហែលទឹកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសសិង្ហបុរី ប៉ុន្តែដោយសារប្រភេទវិញ្ញាសានេះ មានធនធានកីឡាករកីឡាការិនីតិចតួច ដូច្នេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញចក្ខុវិស័យវែងឆ្ងាយ ដោយគ្រោងនឹងអញ្ជើញគ្រូបង្វឹកពីសិង្ហបុរី មកជួយបង្ហាត់បច្ចេកទេស នៅក្នុងស្រុកវិញ ដោយធ្វើបែបនេះចំណេញបានកសាងធនធានអត្តពលិកខ្មែរកាន់តែច្រើន និងចំណាយតិចជាង ។ លោក ហែម គីរី បន្តថា ផែនការហ្វឹកហាត់នេះ សហព័ន្ធខ្មែរហែលទឹកក៏បានស្នើសុំដល់សហព័ន្ធហែលទឹកសិង្ហបុរីជួយសម្របសម្រួលចូលរួមការប្រកួតនានា ដើម្បីវាស់ស្ទង់សមត្ថភាព និងបច្ចេកទេសអោយបានច្រើនមុនធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ២០២៣ នៅកម្ពុជា ។

នេះជាជំហានថ្មីមួយទៀត ដែលសហព័ន្ធខ្មែរកីឡាហែលទឹកកំពុងខិតខំបណ្តុះបណ្តាលធនធានអត្តពលិកបាល់ទឹកនេះ ដើម្បីគោលដៅដ៏ធំចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រៅអំពីវិញ្ញាសាហែលទឹក ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។
គួរបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក តែងតែងបានរៀបចំការប្រកួតមិត្តភាពបាល់ទឹកនេះ នៅក្នុងកម្មវិធីសម្ពោធអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក និងក្នុងពិធីសម្ពោធអាងហែលទឹក ខេត្តបាត់ដំបង ព្រមទាំងកម្មវិធីប្រកួតហែលទឹកធំៗប្រចាំឆ្នាំ ជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ និងបង្កើនគុណភាព នៃការលេងបាល់ទឹកនេះឲ្យកាន់តែប្រសើរបន្ថែមទៀត ៕

You might also like