ការប្រណាំងយានយន្ដឆ្លងកាត់ឧបគ្គ Khmer Rally Raid Practice 2022 នឹងចាប់ផ្តើមនៅពាកកណ្តាលខែឧសភា ឆ្នាំ២០២២ខាងមុខនេះ

Detail Top Banner

បើតាមការបញ្ជាក់របស់លោក ហូ សិទ្ធគុណ បានអោយដឹងថា ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបគ្គ Khmer Rally Raid Practice 2022 ក្រោមការគាំទ្ររបស់ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាយានយន្ដកម្ពុជា នឹងប្រកួតរយៈពេល២ថ្ងៃ នាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២ខាងមុខ ។


លោក ហូ សិទ្ធគុណ ភ្នាក់ងាររៀបចំការប្រណាំងយានយន្ត Kara បានអោយដឹងទៀតថា ព្រឹត្តិការណ៍ប្រណាំងយានយន្តនេះជាការ រៀបចំលើកដំបូងដោយក្រុមការងារបច្ចេកទេសកូនខ្មែរ ដោយមិនប្រើប្រាស់ក្រុមការងារបច្ចេកទេសអន្តរជាតិនោះទេ ។  បើទោះបីជាការរៀបចំនេះជាលើកដំបូងសម្រាប់ក្រុមការងារកូនខ្មែរយ៉ាងក្តី ក៏ភ្នាក់ងាររៀបចំការប្រណាំងយានយន្ត Kara រូបនេះបង្ហាញការជឿជាក់ថា នឹងទទួលបានជោគជ័យ ត្បិតព្រឹត្តការណ៍កន្លងមកក្រុមការងារ Kara កម្ពុជា បានបញ្ជូនក្រុមការងារតិចជាង២០នាក់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ ដើម្បីយកបទពិសោធន៍ជាលក្ខណៈអន្ដរជាតិ ទៅតាមផ្នែកនីមួយៗ ត្រៀមរៀបចំដោយខ្លួនឯង ។


លោកថា «ការប្រកួតនេះ យើងជឿជាក់ថា នឹងមានភាពជោគជ័យ ដ្បិតកន្លងទៅ យើងមានបទពិសោធន៍ច្រើនដងមកហើយ ប៉ុន្ដែមានការសហការគាំទ្រក្រោយខ្នង ដោយគណៈកម្មការអន្ដរជាតិ។ តែលើកនេះ យើងឈរលើគោលជំហររៀបចំដោយខ្លួនឯងទាំងស្រុង ដែលយើងរំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ ហើយការពង្រីកខ្លួនឈានទៅការរៀបចំកម្មវិធីធំៗ ដែលអាចមានកីឡាករ-កីឡាការិនីមជាតិ និងអន្ដរជាតិចូលរួមរាប់រយនាក់ យើងជឿជាក់ថា យើងនឹងអាចធ្វើបានក្នុងពេលឆាប់ៗខាងមុខ»។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់ឧបគ្គ Khmer Rally Raid Practice 2022 គ្រោងចេញដំណើរពីរាជធានីភ្នំពេញទៅខេត្តកំពត ហើយប្រណាំងពីកំពត មកបញ្ចប់នៅរាជធានីភ្នំពេញវិញ ។ តាមគម្រោងការប្រកួតនេះ កំណត់ម៉ូតូ ២០គ្រឿង និងរថយន្ដ ២០គ្រឿងចូលរួម តែដោយសារមានការចុះឈ្មោះចូលរួមលើសការរំពឹងទុក គណៈកម្មការរៀបចំកំពុងពិភាក្សា និងបំបែកជាវិញ្ញាសាផ្សេងៗ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីទាំងអស់បានចូលរួម ពិសេសកីឡាករ-កីឡាការិនីក្មេងខ្ចីតែម្ដង ៕

You might also like