ក្រុម Brotherhood ឈ្នះជើងឯកពានរង្វាន់បាល់ទាត់ហ្វូតសាល ខេមអេដ

Detail Top Banner

នៅទីបំផុត ក្រុម Brotherhood FT បានឈ្នះជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាល វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២២ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ បន្ទាប់ពីបានយកឈ្នះក្រុម Min Laor FT ដោយលទ្ធផល ២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

ក្រុម Brotherhood FT បានឈ្នះមេដាយមាស ពានរង្វាន់១ ខណៈក្រុម Min Laor FT បានជើងឯករង ដោយទទួលបានមេដាយប្រាក់។ ចំពោះក្រុមលេខ៣ បានទៅលើក្រុម Royal D បន្ទាប់ពីបានយកឈ្នះក្រុម មូស United ក្នុងលទ្ធផល ៤ទល់១ ហើយក្រុម Royal D នេះក៏ដណ្តើមបានជ័យលាភីជាក្រុមលេងដោយយុត្តិធម៌ (Fair Play) ១ទៀតផងដែរ។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ មានប្រសាសន៍ថា គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺជាការបណ្តុះស្មារតីកីឡាករឲ្យចេះទទួលយកភាពជោគជ័យ ភាពបរាជ័យ និងចេះធ្វើការជាក្រុម ព្រមទាំងចេះធ្វើការក្រោមសម្ពាធជាដើម។ លោកអះអាងថា ខេមអេដ ដែលជាវិទ្យាស្ថានអប់រំកម្រិតឧត្តមសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងពាណិជ្ជសាស្ត្រ ក្រៅពីផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ក៏នាំនិស្សិតនានាចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាខិតខំប្រឹងប្រែងឲ្យកីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួនទៀត ដូចជាបាល់បោះ អត្តពលកម្មឲ្យមានគុណភាពខ្ពស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ពីក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ។

លោក ខេស៊ី បាណេត គូសបញ្ជាក់ទៀតថា ដោយសារតែការលេងកីឡាមានសារៈសំខាន់បែបនេះ ទើបលោកតែងតែជំរុញឲ្យមានការរៀបចំនូវការប្រកួតកីឡាបាល់បោះនារី កីឡាអត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ តេក្វាន់ដូ និងប្រភេទកីឡាវាយសី ប្រចាំឆ្នាំ២០២២ផងដែរ។ ការខិតខំពង្រឹងគុណភាពកីឡាករ កីឡាការិនីរបស់វិទ្យាស្ថាន ខេមអេដ គឺដើម្បីប្រជែងមេដាយឲ្យបានកាន់តែច្រើន សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យ នាខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

គួររម្លឹកថា ក្រុមបាល់បោះនារីខេមអេដ ធ្លាប់ជាម្ចាស់ជើងឯកកីឡាបាល់បោះសកលវិទ្យាល័យថ្នាក់ជាតិ កាលពីឆ្នាំ២០១៩ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយមេដាយមាសលើវិញ្ញាសាជាច្រើនទៀតធ្លាប់ដណ្តើមបានលើប្រភេទកីឡាអត្តពលកម្មជាបន្តបន្ទាប់ផងដែរ៕

You might also like