ត្រៀមៗ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកាចុងឆ្នាំនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
នេះបើយោងតាម សជណ ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតនេះ បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កីឡាជាតិត្រូវបានធ្វើឡើង ក្នុងគោលដៅចម្បងឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតកីឡាជាតិ តាមទម្រង់ហ្គេមនេះត្រូវបានធ្វើឡើងចំនួន២លើកកន្លងមកដោយជោគជ័យ កាលពីកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ និងលើកទី២ កាលពីឆ្នាំ២០១៨ ហើយនៅឆ្នាំ២០២០ ត្រូវបានផ្អាកមិនអាចរៀបចំបាន ក្នុងពេលផ្ទុះជំងឺកូវីដ-១៩៕