ស្អែកនេះក្រុមប្រតិភូកីឡាករ កីឡាការិនី នឹងចូលជួបស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មុនចេញទៅស៊ីហ្គេមនៅវៀតណាម

Detail Top Banner

តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំយុវជន និងកីឡា មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ដែលជាប្រធានប្រតិភូដឹកនាំកីឡាករកីឡាការិនីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃ ទី២៦ ខែ មេសា ឆ្នាំ២០២២។


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការជួបជុំជាមួយថ្នាក់ដឹកនាំប្រតិភូ សហព័ន្ធកីឡាជាតិនាពេលនេះ គឺ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ចង់រំលឹកដាស់តឿន ផ្ញើរសារដល់ថ្នាក់ដឹកនាំជាប្រធានប្រតិភូ កីឡាករកីឡាការិនីជម្រើសជាតិ ដែលមានភារៈកិច្ចចូលរួមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឲ្យត្រៀមខ្លួនឲ្យបានរួចរាល់ស្រេចបាច់លើការរៀបចំឯកសារទាំងជាតិ និងអន្តរជាតិ និងសម្ភារៈផ្សេងៗ ក្នុងនោះមានវិន័យក្រមសិល៍ធម៌ ពិសេស ទាំងសុខភាព សុវត្ថិភាពផងដែរ។ ទន្ទឹមជាមួយនោះ ការជួបសំណេះសំណាលនេះ ក៏សង្កាត់ធ្ងន់លើ ការត្រៀមចូលជួបស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២២ មុន នឹងចេញទៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាត្រៀមបញ្ជូន​ប្រភេទកីឡារបស់​ខ្លួន​ចូល​រួម​ចំនួន​៣៣​ប្រភេទកីឡា ដោយដំណើរការប្រកួតចាប់ពីថ្ងៃទី១២ដល់២៣ខែ ឧសភា ឆ្នាំ២០២២៕

You might also like