ឯកឧត្តម សុខ សប្បាយណា បានស្នើឲ្យក្រុមប្រតិភូកីឡាកម្ពុជាគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ជាប់ជាប្រចាំដើម្បីថែរក្សាឲ្យបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ

Detail Top Banner

ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអញ្ជើញបិទ សិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ដល់ក្រុមជម្រើសជាតិ ត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ដែលបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល២ថ្ងៃពេញ ថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម សុខ សប្បាយណា បានស្នើឲ្យក្រុមប្រតិភូកីឡាកម្ពុជាគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ជាប់ជាប្រចាំឲ្យបានខ្ជាប់ខ្ជួន ក្នុងពេលពេលដំណើរ ស្នាក់នៅ និងការប្រកួតនៅស៊ីហ្គេមវៀតណាម ដើម្បីថែរក្សាឲ្យបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរជាតិ ព្រោះយើងទាំងគ្នាទៅនេះតំណាងឲ្យជាតិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។


លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា វគ្គ ស្តីពីវិន័យ និងក្រមសីលធម៌របស់ក្រុមកីឡាជម្រើសជាតិ រយៈពេល២ថ្ងៃនេះមានសមាសភាពចូលរួមមានសិក្ខាកាម ជាអ្នកដឹកនាំក្រុម គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិចំនួន ៤៧៦នាក់ ហើយក្នុងនោះមានគ្រូបង្វឹកចំនួន ៩៣នាក់ និងកីឡាករ ២៣៥នាក់ កីឡាការិនី ១២៤នាក់ ដោយសិក្សាផ្ទាល់ចំនួន ៧៦នាក់ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះ ដំណើរការដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា។គោលបំណងនៃការបើកវគ្គបំប៉ននេះ ដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីយល់ដឹងអំពីបេសកកម្ម និងស្គាល់តួនាទី ភារៈកិច្ចរបស់ខ្លួនប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ ប្រកបដោយកិត្តិយស មោទនភាពជាតិ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមទទួលបាន ជោគជ័យជូនជាតិមាតុភូមិ៕

You might also like