បិទការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២
ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានប្រារព្ធពិធីបិទជាផ្លូវការយ៉ាងអធិកអធម នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានអោយដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បានដំណើរការអស់រយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ លើ៨ប្រភេទកីឡា ហើយមានការចូលរួមពី ២៥ រាជធានី-ខេត្ត ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៦៧៧នាក់ ។ ជាលទ្ធផល ខេត្តប៉ៃលិន ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១១គ្រឿង មាស៨ និងសំរិទ្ធ៣គ្រឿង រាជធានីភ្នំពេញ លេខ២ មេដាយសរុប១២គ្រឿង មាស៤ ប្រាក់៥ និងសំរិទ្ធ៣គ្រឿង លេខ៣ ខេត្តស្ទឹងត្រែង មេដាយសរុប១៣គ្រឿង មាស៣ ប្រាក់៦ និងសំរិទ្ធ៤ គ្រឿង និងមានខេត្តជាច្រើនទៀតដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ ៕